រយៈពេល ១ឆ្នាំ មានយានយន្ដ ធ្វើដំណើរតាមផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ជាង ៤លានគ្រឿង
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រយៈពេល ១ឆ្នាំ មានយានយន្តធ្វើដំណើរតាមផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចំនួន ៤ ៦៧៩ ២២២ គ្រឿង ហើយផ្លូវនេះ បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ នាថ្ងៃទី៦ វិច្ឆិកា ក្រសួងសាធារណការ បានអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា ភ្នំពេញ-ក្រុងព្រះសីហនុ។
ក្រសួង បញ្ជាក់ថា «ក្នុងរយៈពេល ១ឆ្នាំនេះមានយានយន្តធ្វើដំណើរសរុបចំនួន ៤ ៦៧៩ ២២២ គ្រឿង។ ផ្លូវល្បឿនលឿននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយក នូវបទពិសោធន៍នៃការធ្វើដំណើរថ្មី ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរជូន ដល់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេស ផ្លូវមួយខ្សែនេះបានចូលរួមសម្រួលដល់ការ ដឹកជញ្ជូនទំនិញរវាង ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន»។
ពិធីអបអរសាទរខួប ១ឆ្នាំ នៃផ្លូវល្បឿនលឿននេះ នឹងប្រព្រឹត្តទៅនារសៀលថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្ថានីយបង់ប្រាក់ទី១ "ភ្នំពេញ" ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួររម្លឹកដែរថា ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានប្រារព្ធពិធីសម្ពោធនាល្ងាចថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន អមដោយវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ៕EB