មីយ៉ាន់ម៉ា៖ មន្ត្រីនៃក្រុមជួយសង្គ្រោះបាននិយាយថា ការបាក់ដីនៅអណ្តូងរ៉ែមួយនៅភាគខាងជើង មីយ៉ាន់ម៉ា បានបណ្តាលអោយបាត់ខ្លួនមនុស្សជាង៣០នាក់ បច្ចុប្បន្នអាជ្ញាធរបានបញ្ជូនប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះទៅកាន់ទីតាំងកើតហេតុ។

គ្រោះថ្នាក់នេះបានកើតឡើងនៅទីប្រជុំជនតំបន់ភ្នំដាច់ស្រយាលមួយក្នុងរដ្ឋកាជីន ចម្ងាយប្រមាណ៩៥០គីឡូម៉ែត្រពីទីក្រុងយ៉ាងហ្គោន។តំបន់នេះជាមជ្ឈមណ្ឌលនៃការធ្វើអាជីវកម្មរ៉ែថ្មយក់ មានតំលៃបំផុតក្នុងលោក។

ប្រធានក្រុមជួយសង្គ្រោះប្រចាំមូលដ្ឋាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេសកាលពីថ្ងៃចន្ទថា កម្មកររ៉ែជាង៣០នាក់ដែលជីករកត្បូងថ្មមានតំលៃ ត្រូវបានរុញចូលក្នុងបឹងនៅពេលដីបាក់នៅក្បែរភូមិម៉ានណា( Manna )កាលពីរសៀលថ្ងៃអាទិត្យ។លោកថា មនុស្ស៣៤នាក់ត្រូវបានបញ្ជាក់ថាបាត់ខ្លួននិងក្រុមជួយសង្គ្រោះមូលដ្ឋានកំពុងស្វែងរកនៅថ្ងៃចន្ទនេះ។កម្មកររ៉ែ៨នាក់រងរបួសនិងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ។

សូមបញ្ជាក់ថា អាជីវកម្មរ៉ែថ្មយក់ជាប្រភពចំណូលដ៏សំខាន់មួយសំរាប់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមប្រដាប់អាវុធមួយដែលហៅខ្លួនឯងថា «កងទ័ពឯករាជ្យកាជីន»នៅក្នុងរដ្ឋកាជីន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ