ប្រទះឃើញសពកុមារាម្នាក់ដែលបាត់ខ្លួន៣ថ្ងៃ រហូតធំក្លិនស្អុយ ខណៈសមត្ថកិច្ចកំពុងដាក់ការសង្ស័យលើឪពុក ក្រោយពិនិត្យឃើញមានប្រើប្រាស់សារធាតុញៀន
ភ្នំពេញ ៖ ភ្ញាក់ផ្អើលមួយក្រោយប្រទះឃើញសពកុមារាម្នាក់ដែលបាត់ខ្លួន៣ថ្ងៃរហូតធំក្លិនស្អុយ ខណៈអាជ្ញាធរឃាត់ខ្លួនបុរសជាឪពុកយកទៅសួរនាំ ក្រោយសង្ស័យជាជនដៃដល់សម្លាប់កូនប្រុសរបស់ខ្លួន នាវេលាម៉ោង១៥:៥០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ នៅតាមបណ្តោយផ្លូវ៣១០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលនូវពេលដែលអ្នកភូមិក្បែរខាងធំក្លិនស្អុយ ក៏បាននាំគ្នាឡើងទៅមើលខាងលើឡៅតឿបន្ទប់ទឹក ក៏ប្រទះឃើញក្មេងប្រុសអាយុ២ឆ្នាំដែលបានបាត់ខ្លួនអស់រយៈពេល៣ថ្ងៃកន្លងមកហើយ បងប្អូនសាច់ញាតិជីដូនជីតាដើររកមិនឃើញទាល់តែសោះ តែបែរជាមកស្លាប់ហើមរលួយស្អុយនៅលើឡៅតឿបន្ទប់ទឹកនេះទៅវិញ។
ក្រោយសមត្ថកិច្ចមកដល់បានធ្វើកំណត់ហេតុស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញា ដោយបានហៅក្រុមគ្រួសារទាំងអស់មកសាកសួរអំពីហេតុការណ៍មុនកុមារារូបនេះបាត់ខ្លួន។ តាមរយៈការអង្កេតល្អិតល្អន់ អាជ្ញាធរសមត្ថកិច្ចបានសម្រេចដាក់ការសង្ស័យបឋមលើបុរសជាឪពុកដែលមានឈ្មោះ ភួង ធី អាយុ៣៦ឆ្នាំ យកទៅសួរនាំនៅវេលាម៉ោង៤:៣៤នាទីរសៀលថ្ងៃដដែល ព្រោះមានចំណុចគួរឱ្យសង្ស័យច្រើន។
យ៉ាងណាមិនទាន់សេចក្តីរាយការណ៍លម្អិតចំពោះលើបុរសជាឪពុកនេះថា បានសម្លាប់កូនពិតប្រាកដ ឬយ៉ាងណានោះទេ។ ប៉ុន្តែបើយោងតាមជីដូនកុមារារងគ្រោះបានឱ្យដឹងថា ជនដៃដល់ គឺគ្មាននរ ណា ក្រៅពីឪពុកអប្រិយរូបនេះឡើយ ព្រោះគេប្រើប្រាស់សារធាតុញៀន។ ចំពោះហេតុការណ៍នេះដែរ សមត្ថកិច្ច កំពុងបន្តនិតីវិធីចាត់ការតាមផ្លូវចាប់៕