ឥណ្ឌា៖ អង្គការសហប្រជាជាតិបានចេញផ្សាយទិន្នន័យកាលពីថ្ងៃពុធដោយបានបង្ហាញថា ឥណ្ឌានឹ​ងក្លា​យជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក ក្នុងនោះ ឥណ្ឌានឹងវ៉ាដាច់ប្រទេស​ចិនក្នុ​ងចំនួនប្រជាជនជិត ៣ លាននាក់បន្ថែមទៀតនៅពាក់កណ្តាលឆ្នាំនេះ។

នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោករបស់អង្គការសហប្រជាជាតិ (UNFPA) នៅឆ្នាំនេះ បានប៉ាន់ប្រមាណថា ប្រជាជនឥណ្ឌាមានចំនួន ១.៤២៨៦ ពាន់លាននាក់ ធៀបនឹង​ប្រជាជនចិន ១.៤២៥៧ ពាន់លាននាក់ ។ អ្នកជំនាញស្រាវជ្រាវចំនួនប្រជាជនដោ​យប្រើប្រាស់​ទិ​​ន្នន័យពីមុន របស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថាឥណ្ឌានឹងវ៉ាដាច់ប្រទេសចិននៅក្នុងខែនេះ ប៉ុន្តែរបាយការណ៍ចុងក្រោយបំផុតរបស់ស្ថាប័នពិភពលោកមិនបានបញ្ជាក់កាលបរិច្ឆេទច្បាស់លាស់នោះទេ។

 

លោកសាកថាកអារ៉ូរ៉ា អ្នករស់នៅក្នុងទីក្រុងញូវដេលី ប្រតិកម្មទៅនឹងការប៉ាន់ស្មាននេះ ដោយបាននិយា​យថា "ចំនួនប្រជាជនលើស ឬចំនួនមនុស្សច្រើនលើសកំណត់ដូចទៅតាមការប្រមាណនេះ គឺជាកា​រប្រ​មា​ថ និងបង្ខូចកេរ្តិ៍ឈ្មោះសម្រាប់ឥណ្ឌា ព្រោះថាធនធានធម្មជាតិកំពុងធ្លាក់ចុះ បែជា​ចំនួនប្រ​ជាជនកើ​នឡើ​ងទៅវិញ" ។ មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា មិនអាចបញ្ជាក់កាលបរិច្ឆេទបានទេ ដោយសារតែទិន្នន័យពីឥណ្ឌា និងចិន មិនមានភាពប្រាកដប្រជា ព្រោះស្ថិតិជំរឿនចុងក្រោយរបស់​ប្រទេ​ស​ឥណ្ឌា បានធ្វើឡើងក្នុងឆ្នាំ ២០១១ និងបន្ទាប់មកនៅឆ្នាំ ២០២១ ត្រូវបានពន្យារពេលដោយសារតែជំងឺរាតត្បាតកូវីដ១៩ ។

 

ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌាបានបង្ហាញថា កំណើនប្រជាជនឥណ្ឌា​ប្រចាំឆ្នាំ មានកំណើនជាមធ្យម ១.២% ចាប់តាំងពីឆ្នាំ ២០១១ ដោយកំណើននេះបានធ្លាក់ចុះពី ១.៧% កាលពីទសវត្សរ៍មុន។

 

បន្ថែមបីនេះ ការស្ទាបស្ទង់មតិសាធារណៈដោយរបាយការណ៍ស្តីពីស្ថា​នភាពប្រជាជនពិភពលោករប​​ស់អង្គការសហប្រជាជាតិ (UNFPA) សម្រាប់របាយការណ៍ឆ្នាំ ២០២៣ បានរកឃើញថា ក្រៅពីឥណ្ឌា រួមមានប្រទេសប្រេស៊ីល អេហ្ស៊ីប និងនីហ្សេរីយ៉ា ដោយចំនួនប្រជាជននៅក្នុងប្រទេសនីមួយៗ "មានចំនួនច្រើនពេក ហើយអត្រាមានកូនគឺខ្ពស់ពេកផងដែរ" ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ