សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា គោលដៅ ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-តួកគី អាចសម្រេចបាន
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជឿជាក់ថា គោលដៅ ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-តួកគី អាចសម្រេចបាន នាពេលខាងមុខ។
ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអនុញ្ញាតឲ្យលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា ចូលជួបម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនោះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូត បានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះ មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឲ្យកើនដល់ ១ពាន់លានដុល្លារផង ដែរនាពេលខាងមុខ ទំនាក់ទំនងកាន់តែច្រើនឡើងរវាងប្រជាជននិងប្រជាជន។
លោកជំទាវ ក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ពិសេសកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និងកីឡា ក្នុងនោះ មានការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។ លោកជំទាវ ថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍មានការកើនឡើងបន្ថែមទៀត។
លោកជំទាវ បន្ដថា ប្រទេសតួកគីនឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ហើយបានស្នើសុំឲ្យភាគីកម្ពុជា ជួយគាំទ្រតួកគីក្នុងទំនាក់ទំនងជាមួយអាស៊ានផងដែរ។ លោកជំទាវ មានក្តីសង្ឃឹមទុកថា «សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើននូវទំនាក់ទំនងជាមួយសភា នៃប្រទេសតួកគី ឱ្យដល់កម្រិតខ្ពស់នាពេលខាងមុខ»។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា «គោលដៅ ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងទាំងពីរ អាចសម្រេចបាននាពេលខាងមុខ»។
ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះ សម្ដេច បានមានប្រសាសន៍ថា «ស្ថាប័នទាំងពីរគួរតែមានកម្មវិធីឱ្យច្រើនដើម្បីរំលឹកខួបទំនាក់ទំនងនេះ»។
ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោ បានមានប្រសាសន៍ថា «វានឹងអាចធ្វើឲ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសទួគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្ពុជាផងដែរ»៕EB