ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគឿងញៀន បានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម៤នាក់ និងរឹបអូសថ្នាំញៀនបានជា ង៣គីឡូនិងសារធាតុគីមីផ្សំ៨គីឡូក្រាម នៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើយោងតាមការឱ្យដឹងពីមន្ទីរប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

 កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបនៅចំណុច តាមបណ្តោយផ្លូវ៤៣២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនល្មើស៤នាក់រួមមាន៖ ទី១ ឈ្មោះ ង្វៀង កាវយូយ ភេទប្រុស ជនជាតិវៀតណាម អាយុ២៨ឆ្នាំ។ ទី២.ឈ្មោះ ង្វៀង ម៉ាយសុងហៀន ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត២២។ ទី៣.ឈ្មោះ ង្វៀង ហ៊យយី ភេទប្រុស ជនជាតិវៀតណាម អាយុ៣៤ឆ្នាំ។ ទី៤.ឈ្មោះ ង្វៀង យីតាំ ភេទប្រុស ជនជាតិវៀតណាម អាយុ២៩ឆ្នាំ។ ប្រភពដដែលបានឱ្យដឹងបន្តថា វត្ថុតាងដែលមន្រ្តីជំនាញរឹបអូសបានរួមមាន៖ គ្រឿងញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់១១៤៤ ក្រាម នីមេតាហ្សេប៉ាម (Nemetazepham) ទម្ងន់ ២០៣២ ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់ (៣គីឡូក្រាម)។


ក្នុងនោះមានសារធាតុគីមីផ្សំទម្ងន់ (៨គីឡូ ៤៥៨ក្រាម) និងឧបករណ៍កែច្នៃមួយចំនួនធំផងដែរ។  សូមជម្រាបថា បច្ចុប្បន្នជនល្មើសទាំង ៤នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវ ដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់។ សូមរំឭកថាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងមក មន្ទីរប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចាប់ខ្លួនជនជាតិវៀតណាម២នាក់ និងរឹបអូសគ្រឿងញៀនបានជិត៧០០គីឡូក្រាម នៅរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ