មន្ត្រីជំនាញUN៖រកឃើញអាវុធដែលប្រើប្រាស់សម្លាប់មនុស្សនៅមីយ៉ាន់ម៉ា និងនៅអ៊ុយក្រែន មានប្រភពចេញមកពីរុស្ស៊ីតែមួយ
បរទេស៖អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានជម្រុញឱ្យប្រទេសនានាបង្កើតក្រុមចម្រុះ ដើម្បីកំណត់គោលដៅ និងដាក់សម្ពាធទៅលើរបបយោធាមីយ៉ាន់ម៉ា ដូចដែលពួកគេបានធ្វើដូចគ្នានេះទៅលើទីក្រុងមូស្គូជុំវិញរឿងរ៉ាវនៅអ៊ុយក្រែន ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
អ្នកជំនាញការ លោក Tom Andrews និងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កថា "សហគមន៍អន្តរជាតិគួរតែសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកំណត់គោលដៅ និងធ្វើការរួមគ្នា ដើម្បីបន្តអនុវត្តវិធានការទាំងនេះ" ។
លោក Tom Andrews បានលើកឡើងបន្ថែមថា "ប្រភេទអាវុធមួយចំនួនដែលប្រើប្រាស់ដើម្បីសម្លាប់មនុស្សនៅអ៊ុយក្រែន គឺដូចគ្នាទៅនឹងប្រភេទអាវុធដែលប្រើដើម្បីសម្លាប់មនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាអញ្ចឹងដែរ ដោយប្រភេទអាវុធទាំងនោះ គឺមានប្រភពចេញមកពីប្រទេសរុស្ស៊ីតែមួយ " ។
ក្រៅពីនេះ លោក Andrews ក៏បានថ្កោលទោសប្រទេសម៉ាឡេស៊ីផងដែរ ចំពោះការសម្រេចនិរទេសជនជាតិមីយ៉ាន់ម៉ារាប់សិបនាក់ទៅកាន់ប្រទេសដើមកំណើតវិញ ហើយពួកគេនឹងប្រឈមមុខនឹងការធ្វើទារុណកម្មនានា ក្នុងនោះភាគច្រើនទំនងជាប្រឈមការប្រហារជីវិតទៀតផង។លោកបន្ថែមយ៉ាងខ្លីទៀតថា រឿងនេះគឺមិនអាចទទួលយកបានទេ ហើយវាគឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។
បន្ទាប់ពីលោក Andrews បានថ្លែងប្រាប់គណៈកម្មាធិការសិទ្ធិមនុស្សនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅព្រឹកថ្ងៃពុធ សប្តាហ៍នេះ លោក Gennady Kuzmin ជាឧបអគ្គរដ្ឋទូត (ទូតរង) របស់ប្រទេសរុស្ស៊ី បានប្រាប់គណៈកម្មាធិការសិទ្ធិមនុស្សដូចគ្នាថា " វាមិនអាស្រ័យលើការនិយាយរបស់អ្នកថាប្រភេទអាវុធរបស់អ្នកណា កំពុងប្រើប្រាស់ដើម្បីសម្លាប់ជនស៊ីវិល មនុស្សចាស់ ស្ត្រី កុមារនៅជុំវិញពិភពលោកនោះទេ។ ប៉ុន្តែ អ្នកទទួលបានការតែងតាំងជាអ្នករាយការណ៍ពិសេសទទួលបន្ទុកនៅមីយ៉ាន់ម៉ា ដូច្នេះសូមអ្នកដោះស្រាយជាមួយមីយ៉ាន់ម៉ាទៅ ជាជាងដោះស្រាយជំនួសឱ្យអ៊ុយក្រែន " ៕