វៀតណាម៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast កំពុងប្រមូលរថយន្តអគ្គិសនីដំបូ​ងរប​ស់ខ្លួនប្រមាណ ៩៩៩ គ្រឿងដែលបានដឹកជញ្ជូនទៅសហរដ្ឋអាមេរិក ត្រឡប់ចូលឃ្លាំងក្រុមហ៊ុនវិញ ដោយសារតែបញ្ហាលើអេក្រង់បង្ហាញដែលអាចបង្កហានិភ័យសុវត្ថិភាព ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះបានប្រាប់សារព័ត៌មាន Nikkei Asia កាលពីថ្ងៃព្រហស្បតិ៍ថា ទោះបីជាក្រុមហ៊ុន VinFast មិនបានដឹងពីរបាយការណ៍នៃឧប្បត្តិហេតុណាមួយក៏ដោយ ក៏ក្រុម​ហ៊ុ​នកំពុងចេញការប្រមូលយករថយន្តមកវិញទាំងអស់ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ។

 

ក្រុមហ៊ុន VinFast បញ្ជាក់ទៀតថា អេក្រង់នៅក្នុងរថយន្តម៉ូដែល VF 8 SUV គឺមានបញ្ហាខាង Software ដោយវាមិនបង្ហាញព័ត៌មានសុវត្ថិភាពសំខាន់ៗដូចជា ឧបករណ៍វាស់ល្បឿន ឬភ្លើ​ងសញ្ញាព្រ​មានហានិភ័យនៃគ្រោះថ្នាក់ណាមួយឡើយ ។

ក្រុមហ៊ុន VinFast បានដឹងពីបញ្ហានេះនៅថ្ងៃទី២៧ ខែមេសា ដោយសារតែមានការបញ្ចេញ​មតិត្អូញត្អែ​រលើ​បណ្ដាញសង្គម ក៏ដូចជាកង្វល់របស់អតិថិជនជាច្រើន ជាពិសេសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែល​រហូតម​​កដល់ពេលនេះក្រុមហ៊ុនបានដឹកជញ្ជូនរថយន្តអគ្គិសនីជាង ២,០០០ គ្រឿ​ងទៅ​កាន់​ទឹកដីនៃស​ហរដ្ឋអាមេរិក ។ក្រៅពី​ទៅកាន់អាមេរិក​ ក្រុមហ៊ុន​ក៏បាននាំចេញរថយ​ន្តអគ្គិសនីទៅ​កាន់ទី​ផ្សារប្រ​ទេ​សកាណាដា ហើយថែមទាំងបានកំណត់គោលដៅលក់នៅអឺរ៉ុប និងអាស៊ីអាគ្នេយ៍ ជាមួយនឹ​ងការ​ទទួលបានប្រាក់ចំណេញ ចាប់ពីឆ្នាំ ២០២៥ តទៅ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ