កំពង់ធំ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹក និងដាក់បទបញ្ជាដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្ដធានារក្សាឲ្យបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងសង្គម ដើម្បីបន្ដការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់សន្ដិភាព។

ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ត្រី ហេង សុផល ជាស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ប្រសិនបើមូលដ្ឋានប្រទេសកម្ពុជាមិនមានសន្ដិសុខ សណ្ដាប់ធ្នាប់ទេនោះ ក៏មិនមានអ្នកវិនិយោគណាមករកស៉ីបណ្ដាក់ទុនឡើយ។

នាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់ថា ស្នងការនគរបាលខេត្តទាំងអស់ និយាយជារួម និងនិយាយដោយឡែក ស្នងការនគរបាលខេត្តកំពង់ធំ ត្រូវធ្វើជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពខេត្តឲ្យបានល្អ ពោលត្រូវក្ដាប់ឲ្យបានរៀងរាល់ថ្ងៃ ដើម្បីមានជារបាយការណ៍ ឬហេតុការណ៍កើតបន្ទាន់ត្រូវរាយការណ៍ផ្ទាល់មាត់ដោយសង្ខេបដើម្បីសុំគោលការណ៍ចាត់ការ។

ដោយឡែក ប្រធានគណៈបញ្ជាការឯកភាព ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំសម្របសម្រួល ដឹកនាំបញ្ជាកម្លាំងសរុប មធ្យោបាយសរុប ដើម្បីបំពេញប្រតិបត្តិការនៅក្នុងខេត្តរបស់ខ្លួន ហើយបើរក្សាសន្ដិសុខមិនបានទេ បង្កើតជាកង្វល់ដល់អង្គភាពទាំងអស់ចំណុះរដ្ឋបាលខេត្ត ដូច្នេះការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ជារឿងដែលសំខាន់ចាំបាច់បំផុត។ នេះបើតាមការលើកឡើងរបស់នាយឧត្តមសេនីយ៍ ស ថេត។

នាយឧត្តមសេនីយ៍ ស ថេត សង្ឃឹមជឿជាក់ថា ស្នងការថ្មីនឹងដឹកនាំកាន់តែល្អប្រសើរបន្ថែមទៀត ដោយសហការល្អជាមួយបណ្ដាអង្គភាពកងកម្លាំងប្រដាប់អាវុធផ្សេងទៀត។ នាយឧត្តមសេនីយ៍ ចាត់ទុកថា គ្រប់អង្គភាពទាំងអស់មិនត្រូវគិតថា ការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ជាសមត្ថកិច្ចផ្ដាច់មុខរបស់អង្គភាពណាមួយនោះទេ ពោលត្រូវតែសហការគ្នាឲ្យបានល្អ ទាំងអង្គភាពស៉ីវិលផងដែរ។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញបទបញ្ជាឲ្យពង្រឹងសមត្ថភាពនគរបាល ពង្រឹងសមត្ថភាពមន្ដ្រីពាក់ព័ន្ធ ធ្វើផែនការឲ្យបានលម្អិត និងវាយតម្លៃសភាពការណ៍ ឲ្យបានច្បាស់លាស់ទាំងខាងក្រៅ និងខាងក្នុង ដោយមិនត្រូវបណ្ដែតបណ្ដោយជាសុខសន្ដិភាពដែលកំពុងមាននោះទេ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ