លោក គួច ចំរើន បញ្ជាឱ្យអាជ្ញាធរក្រុង-ស្រុក ត្រូវបង្ក្រាបល្បែងស៊ីសង Online ខុសច្បាប់ឱ្យអស់ក្នុងមូលដ្ឋានរបស់ខ្លួន
កណ្តាល៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ត្រូវស្រង់ទិន្នន័យល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។
លោក អភិបាលខេត្ត បន្តថា ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសល្បែង Online ខុសច្បាប់។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ដែលមានជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងគ្រប់ប្រភេទសូមដកខ្លួនចេញជាបន្ទាន់ ហើយក្នុងករណីដែលរកឃើញថា មានមន្ត្រីណាម្នាក់មានជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ និងចាត់វិធានការតាមច្បាប់ដោយគ្មានការយោគយល់ឡើង៕