នាយឧត្តមសេនីយ៍ ស ថេត អំពាវនាវពលរដ្ឋផ្ដល់ព័ត៌មានឲ្យលឿន ក្នុងករណីចាញ់បោកឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា មកក្រុមការងារ Hotline Scam
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានឲ្យបានលឿន និងទាន់ពេលវេលា ក្នុងករណីចាញ់បោកក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា មកកាន់ក្រុមការងារ Hotline Scam ដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយឆាតទៅ Facebook ផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងកិច្ចប្រជុំជាមួយក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ ដើម្បីពង្រឹងសុវត្ថិភាពទប់ស្កាត់បទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ក្នុងយុគសម័យទំនើបនេះ ប្រជាពលរដ្ឋជាច្រើនបានធ្លាក់ក្នុងអន្ទាក់របស់ក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះហើយអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតក្រុមការងារនេះឡើង ដោយបន្ថែមលើយន្ដការដែលមានស្រាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានស្នើសុំការគាំទ្របន្ថែមពីសំណាក់វិស័យឯកជន ពិសេសធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដោយត្រូវសហការឲ្យបានល្អជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសក្រុមការងារ Hotline Scam 24h/7 ដើម្បីជួយអន្ដរាគមន៍បានទាន់ពេលវេលានៅពេលមានហេតុការណ៍កើតឡើង និងដើម្បីធានាដល់ប្រសិទ្ធភាពនៃការបង្ក្រាប។
នាយឧត្តមសេនីយ៍ ស ថេត បានមើលឃើញថា បច្ចុប្បន្ននេះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានកើតឡើងស្ទើរាល់ថ្ងៃ ពិសេសកើតឡើងនៅតាមមូលដ្ឋាន ហើយនៅពេលមានបទល្មើសកើតឡើង ប្រជាពលរដ្ឋមានការលំបាកក្នុងការមកដាក់ពាក្យបណ្ដឹង។ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតក្រុមការងារនេះឡើង និងងាយស្រួលឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញ។
នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងយុគសម័យថ្មីនេះ ការរងនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទោះបីជាមិនមែនបទល្មើសប្រពៃណី ប៉ុន្ដែឈានទៅដល់ការបោកប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ដូច្នេះវិស័យធនាគារ ត្រូវសហការគ្នាជាមួយក្រុមការងារអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបង្ការ ទប់ស្កាត់រាល់បទល្មើសទាំងអស់នេះ»។
កិច្ចប្រជុំដែលបានធ្វើឡើងនៅពេលនេះ ក្នុងគោលបំណងផ្សព្វផ្សាយ និងស្វែងយល់អំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់បណ្ដាស្ថាប័នធនាគារ និងពង្រឹងកិច្ចសហការក្រុមការងារ Hotline Scam 24h/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
គួរជម្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចបង្កើតឲ្យមានក្រុមការងារ Hotline Scam 24/7 ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចដាក់បណ្តឹងអនឡាញ មកកាន់មន្រ្តីជំនាញបានទាន់ពេលវេលា និងឆាប់រហ័ស។ ក្នុងករណីប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមចូលទៅកាន់លីង hotline.police.gov.kh ឬឆាតទៅផេក អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈ https://www.facebook.com/cambodiapolice៕