ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់មន្ដ្រីក្រោមឱវាទកុំមានអារម្មណ៍ថា «មេថ្មី មិនដឹងវាសនាទៅទីណា ត្រូវមានអារម្មណ៍នឹងនរ» ដើម្បីរួបរួមគ្នាបម្រើប្រជាពលរដ្ឋឱ្យរស់នៅសុខសាន្ដ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ព្រះមហាក្សត្រ នៃកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែង នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ជំនួស នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ត្រូវបានតែងតាំងមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា នណាក៏ដោយ ឱ្យតែមានសមត្ថភាព មានក្របសីលធម៌ វិជ្ជាជីវៈ ដើម្បីរួបរួមគ្នាអនុវត្តកិច្ចការងារ និងតួនាទីភារកិច្ចរបស់នគរបាលជាតិ ឱ្យមានការរីកចម្រើនបន្ថែមទៀត។

នាយឧត្តមសេនីយ៍ ស ថេត គូសបញ្ជាក់ថា «អស់លោក-លោកស្រី កុំមានអារម្មណ៍ថា មកមេថ្មី យើងខ្ញុំមិនដឹងថា មានវាសនាទៅទីណា ឬនៅកន្លែងដដែល ឬក៏គេមិនរាប់រក គេមិនប្រើ មិនមែនដូច្នោះទេ។ ដូច្នេះសូមមានអារម្មណ៍នឹងនរ កុំមានការស្ដាប់ពីអ្នកណាមួយដើរបន្លឺសំឡេង យ៉ាងនេះ យ៉ាងនោះ សូមឱ្យគិតពិចារណា ហើយវិភាគឱ្យបានជ្រៅជ្រែ មុននឹងជឿ ស្ដាប់ប៉ុន្ដែកុំទាន់ជឿ តើព័ត៌មាននឹងពិត ឬមិនពិត»។

នាយឧត្តមសេនីយ៍ ស ថេត បន្ដថា «យើងតាំងចិត្តធ្វើ យើងតាំងចិត្តបម្រើអង្គភាព បម្រើប្រជាពលរដ្ឋ បម្រើប្រទេសជាតិរបស់យើង នោះហើយជាគោលដៅធំរបស់នគរបាលជាតិរបស់យើង។ កន្លែងខ្លះ មេថ្មីទៅ ចាប់ផ្ដើមគូសវៀសផែនទី អានេះនៅកន្លែងនេះ អានោះកន្លែងនោះ នេះជាចំណុចគ្រោះថ្នាក់ សម្រាប់ប្រធានអង្គភាពថ្មី»។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំគ្រប់អង្គភាពជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការគ្រប់គ្រងមុខសញ្ញាជនសង្ស័យរាល់បទល្មើសនានា។ នាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើមន្ដ្រីនគរបាលជាតិ ត្រូវការពារ និងថែរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ នៅប្រទេសកម្ពុជាឱ្យបាន ដើម្បីទាក់ទាញអ្នកវិនិយោគ ឬអ្នកទេសចរមកប្រទេសកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ