ព្រះសីហនុ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្ដ្រីនគរបាល បន្ដសហការគ្នា និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីបម្រើអង្គភាព និងប្រជាពលរដ្ឋ ពិសេស រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ជាដើម។

ក្នុងពិធីប្រកាសតែងតាំមុខតំណែង ប្រគល់ភារកិច្ចដល់ ស្នងការខេត្តព្រះសីហនុថ្មី នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា «បន្តការប្រឹងប្រែង សហការគ្នា សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីបម្រើអង្គភាព និងប្រជាពលរដ្ឋ រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ សាធារណជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ជាពិសេសភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ»។

នាយឧត្តមសេនីយ៍ ស ថេត បន្ដថា ប្រធានអង្គភាពត្រូវមានការទទួលខុសត្រូវខ្ពស់ លើការដឹកនាំបញ្ជាកងកម្លាំង ក៏ដូចជាការគ្រប់គ្រង និងអភិវឌ្ឍអង្គភាព។ ចំពោះមន្ត្រី បើធ្វើល្អត្រូវមានការលើកទឹកចិត្ត ទទួលការលើកសរសើរ បើធ្វើខុសត្រូវដាក់វិន័យតាមកងកម្លាំង០០៦ ឬអនុវត្តតាមច្បាប់។ ប្រធានអង្គភាពត្រូវខិតខំពង្រឹងបន្ថែម របៀបរបបធ្វើការងារប្រចាំថ្ងៃឲ្យបានល្អ។ ត្រូវមានការរៀបចំកិច្ចប្រជុំជាប្រចាំ ដើម្បីទទួលយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ យកមកវិភាគ និងរៀបចំផែនការ ដើម្បីដាក់ចេញឲ្យអនុវត្ត។

នាយឧត្តមសេនីយ៍ ស ថេត បន្ថែមថា ផែនការងារសន្តិសុខដើរតួសំខាន់ ឈានដល់ការគ្រប់គ្រងមុខសញ្ញា ដើម្បីងាយស្រួលក្នុងការបង្ក្រាបបទល្មើស។ ការគ្រប់គ្រងអាវុធជាតិផ្ទុះ ការកាន់កាប់អាវុធខុសច្បាប់ គណបញ្ជាការបញ្ជាដឹកនាំ ដោយមានព្រះរាជអាជ្ញារ កងកម្លាំងចម្រុះ។ ពង្រឹងអង្គភាព អធិការដ្ឋាននគរបាល ខណ្ឌ ក្រុង ស្រុក ប៉ុស្តិ៍ ត្រួតពិនិត្យកម្លាំងឲ្យបានច្បាស់លាស់ ត្រូវមានកម្លាំងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងទទួលពាក្យបណ្តឹង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ