នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ចំនួនអ្នកខ្ចីឥណទាន ជាសហគ្រាសធុនមីក្រូ តូច និងមធ្យម កើនឡើងជាង ៨២ម៉ឺននាក់ គិតជាទឹកប្រាក់ ២១,៣ប៊ីលានដុល្លារ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ចំនួនអ្នកខ្ចីឥណទាន ជាសហគ្រាសធុនមីក្រូ តូច និងមធ្យម បានកើនឡើងដល់ ៨២០ ៩៨៧នាក់ គិតជាទឹកប្រាក់ ប្រមាណ ២១,៣ ប៊ីលានដុល្លារ។
នាឱកាសអញ្ជើញអញ្ជើញជាអធិបតីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និង សិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសហ-គ្រាសធុនមីក្រូ, តូច និង មធ្យម ក្រសួង-ស្ថាប័ន និង វិស័យឯកជន រួមទាំងគ្រឹះស្ថានហិរញ្ញវត្ថុ ក៏បានរៀបចំយន្តការជាក់ស្តែង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និង គាំទ្រដោយផ្ទាល់ដល់សហគ្រាសក្នុងស្រុក។ បរិវត្តកម្មឌីជីថលបានសម្រួលដល់ការចុះបញ្ជីពាណិជ្ជកមុ្ម, ចុះបញ្ជីពន្ធដារ, ការស្នើសុំប្រកាសបង្កើត និង ដំណើរការអាជីវកម្មនានា ដោយកាត់បន្ថយពេលវេលា និង ការចំណាយ។
សម្តេចបវរធិបតី បន្ដថា ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ បានរួមចំណែកសម្រួលដល់ការធ្វើប្រតិបត្តិការរបស់សហគ្រាសធុនមីក្រូ, តូច និង មធ្យម តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគង និង ស្តង់ដាខេអេចឃ្យូអរ (KHQR) ដែលគាំទ្រ និង ជំរុញការរីកចម្រើននៃអាជីវកម្មខ្នាតតូច និង អនឡាញ។ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុបានបើកគណនី និង ផ្តល់ជា QR Code ប្រមាណជាង ១,៥លាននាក់ សម្រាប់បុគ្គលស្វ័យនិយោជន៍។
សម្តេចបវរធិបតី បន្ថែមថា ប្រព័ន្ធទូទាត់ក៏ត្រូវបានតភ្ជាប់ជាមួយប្រទេសនានា ក្នុងតំបន់ដូចជា៖ ថៃ, ម៉ាឡេស៊ី, វៀតណាម, ឡាវ ជាដើម ដែលការតភ្ជាប់នេះអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ, តូច និង មធ្យម ទទួលបានការទូទាត់របស់ភ្ញៀវទេសចរ ដោយងាយស្រួលផងដែរ។
សម្តេចបវរធិបតី បន្ដទៀតថា ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ សម្រួលដល់ការបើកគណនីសន្សំ និង ផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ, តូច និង មធ្យម និង បុគ្គលស្វ័យនិយោជន៍សម្រាប់ប្រតិបត្តិការអាជីវកម្ម ។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ជាក់ស្តែង, ចំនួនអ្នកខ្ចីឥណទានដែលជាសហគ្រាសធុនមីក្រូ, តូច និង មធ្យម បានកើនឡើងដល់ ៨២០ ៩៨៧នាក់ គិតជាទឹកប្រាក់ប្រមាណ ៨៥ ៣៣០ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២១,៣ ប៊ីលានដុល្លារអាម៉េរិក) ដែលមានសមាមាត្រស្មើនឹង ៣៦,៣% នៃឥណទានសរុបនៃប្រព័ន្ធធនាគារ»៕