នាយឧត្តមសេនីយ៍ ស ថេត ដាក់ចេញការណែនាំជាអាទិភាពចំនួន ៥ចំណុច សំដៅពង្រឹងប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវ របស់មន្ដ្រីនគរបាលជាតិ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញការណែនាំជាអាទិភាពចំនួន៥ចំណុច ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកចិត្តទុកដាក់បន្ដអនុវត្ត សំដៅពង្រឹងប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវតាមមុខនាទីភារកិច្ច។
ការណែនាំ៥ចំណុច ដែលដាក់ចេញដោយនាយឧត្តមសេនីយ៍ ស ថេត ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ រួមមាន៖
ទី១៖ ត្រូវបន្តរួមគ្នាជាធ្លុងមួយ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីបំពេញតួនាទី ភារកិច្ចតាមការកំណត់ ស្របតាមជំនាញ គោរពឋានានុក្រម និងច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធ។ ក្នុងនោះ សូមសំណូមពរដល់លោក លោកស្រីទាំងអស់មេត្តា ផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលក្រោមឱវាទ និងរវាងអង្គភាព និងអង្គភាព ដើម្បីប្រសិទ្ធភាពការងារ។
ទី២៖ បន្តជំរុញការកែទម្រង់កងកម្លាំងនគរបាលជាតិ ដោយធ្វើការអភិវឌ្ឍស្ថាប័ន និងកសាងធនធានមនុស្ស យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព សុខុមាលភាពរបស់កងកម្លាំង នគរបាល ជំរុញការអនុវត្តគោលនយោបាយចំពោះមន្ត្រីនគរបាលចូលនិវត្តន៍ និងបាត់បង់ សមត្ថភាព ពលី ពិការដោយសារបុព្វហេតុសន្តិសុខជាតិ។
ទី៣៖ បន្តត្រួតពិនិត្យ និងគ្រប់គ្រងកងកម្លាំងឱ្យបានជាក់លាក់ និងជាប់ជាប្រចាំ ទាំងបរិមាណ វត្តមាន និងសតិអារម្មណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ។ ករណីមានការខ្វះខាតកងកម្លាំង ឬកងកម្លាំងណាមួយជួបការលំបាក ត្រូវធ្វើរបាយការណ៍ តាមឋានានុក្រម។
ទី៤៖ បន្តពង្រឹងវិន័យកងកម្លាំងនគរបាលឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវសេចក្តី ថ្លៃថ្នូរ កិត្តិយស និងសីលធម៌របស់កងកម្លាំងនគរបាលជាតិ ដើរទន្ទឹមនឹងការខិតខំពង្រឹង សមត្ថភាព ការហ្វឹកហ្វាត់បំប៉នជំនាញឲ្យបានជាប់ជាប្រចាំ ព្រមទាំងការពង្រឹងជំនាញបច្ចេក វិទ្យាព័ត៌មាន និង ឌីជីថល ដើម្បីលើកកម្ពស់ការថែរក្សាការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គមឲ្យបានល្អប្រសើរគ្រប់កាលៈទេសៈ។
ទី៥៖ ពង្រឹងប្រសិទ្ធភាព និងរបៀបរបបការងារតាមសមត្ថកិច្ច ជំនាញ និងឋានានុក្រម ដើរទន្ទឹមនឹងការគិតគូរលើកទឹកចិត្តកងកម្លាំងនគរបាលដែលមានស្នាដៃល្អ និងធ្វើការដាក់ វិន័យកងកម្លាំងនគរបាលដែលប្រព្រឹត្តខុសឆ្គង ប្រកបដោយភាពត្រឹមត្រូវ មានតម្លាភាព៕EB