ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានប្រកាសជាថ្មីថា ប្រទេសកម្ពុជា ពុំមានការទិញអគ្គិសនីពីប្រទេសថៃទៀតនោះទេ ខណៈ កម្ពុជា មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នៅទូទាំងប្រទេស។
ការលើកឡើងរបស់ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល របស់កម្ពុជា បន្ទាប់ពីថ្មីៗនេះ យោធាថៃ និងរដ្ឋមន្ដ្រីទទួលបន្ទុកការពារជាតិថៃ ដែលថា ប្រទេសកម្ពុជា នៅទិញភ្លើងតាមច្រកព្រំដែនពីប្រទេសថៃចូលមកកម្ពុជា តាម ៦ច្រក។
តាមរយៈវិដេអូជាង ១នាទី ចេញផ្សាយ នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោក រដ្ឋមន្រ្តីក្រសួងរ៉ែ កម្ពុជា បានឆ្លើយតបវិញថា «កិច្ចនេះ គឺជាកិច្ចការងារមួយ មិនពិត ព្រះរាជាណាចក្រកម្ពុជាយើង មានអគ្គិសនីគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស មកទល់នឹងម៉ោងនេះ ក៏ដូចជា ប្រកាសលើកមុន ព្រះរាជាណាចក្រកម្ពុជាយើង បានប្រើប្រាស់ថាមពលអគ្គិសនីដោយខ្លួនឯង ប្រភពចេញពីប្រទេសកម្ពុជាយើងដោយខ្លួនឯង ហើយពុំមានការទិញភ្លើងអគ្គិសនីពីព្រះរាជាណាចក្រថៃនោះទេ»។
សូមរំលឹកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសតាមបណ្ដាញសង្គមនៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថា កម្ពុជា សម្រេចកាត់ផ្ដាច់ឈប់ប្រើអគ្គិសនី និងអ៊ីនធឺណេតពីប្រទេសថៃតែម្ដង បន្ទាប់ពីមានការគំរាមពាក់ព័ន្ធនឹងការផ្ដាច់ភ្លើង និងអ៊ីនធឺណេតនេះ៕