ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីអបអរសាទរ ការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាព លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ពិធីអបអសារទរនេះដែរ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិកា ក្រសួងមហាផ្ទៃ មន្ដ្រីរាជការស៊ីវិល, កងកម្លាំងនគរបាលជាតិ, មន្ដ្រីពន្ធនាគារ, អគ្គារធិការដ្ឋាន, អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ដែលពិធីនេះ រៀបចំនៅទីស្ដីការក្រសួងមហាផ្ទៃ។

តាមរយៈសារអបអរសាទររបស់ លោក ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចូលរួមសម្ដែងអំណរសាទរប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ជាមួយបងប្អូនជនរួមជាតិ ទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលោក ក្នុងឱកាសនៃពិធីការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ។

លោក ឧបនាយករដ្ឋមន្ដ្រី ក៏បានសម្តែងនូវការគាំទ្រយ៉ាងក្លៀវក្លាចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើម និងសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយក្នុងការកសាង «ព្រែកជីកហ្វូណនតេជោ» បម្រើដល់ឧត្តមប្រយោជន៍ជាយុទ្ធសាស្ត្រ របស់ជាតិ និងប្រជាជនកម្ពុជា។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ជាគម្រោងប្រវត្តិសាស្ត្រ ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គ ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ។ គម្រោងនេះផ្តួចផ្តើម ឡើងដោយ សម្តេចតេជោ ហ៊ុន សែន ហើយអនុវត្តដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាព សេដ្ឋកិច្ច- សង្គម ឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។

ក្រោយស្ថាបនារួចរាល់ «ព្រែកជីកហ្វូណនតេជោ» នឹងដើរតួនាទីយ៉ាងសំខាន់រួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈពហុមុខងារដ៏មានសក្តានុពល និងសម្បូរបែបនៃព្រែកជីកនេះ ដែលនឹងក្លាយជា៖ បណ្តាញតភ្ជាប់ឡូជីស្លឹក និងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកកាន់តែមាន ភាពងាយស្រួល និងឆាប់រហ័ស ព្រមទាំងជំរុញការវិនិយោគ វិស័យទេសចរណ៍តាមផ្លូវទឹក, ការអភិវឌ្ឍដល់វិស័យពាក់ព័ន្ធ សំខាន់ៗដទៃទៀត រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ដែលព្រែកជីកហូរកាត់, និងការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ