ចំនួនអ្នកស្លាប់ក្នុងគ្រោះរអិលបាក់ដីចំនួនពីរលើក នៅភាគខាងត្បូងនៃប្រទេសអេត្យូពី បានកើនឡើងដល់ ២២៩នាក់ហើយ
អេត្យូពី ៖ មន្រ្តីរដ្ឋាភិបាល បានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនអ្នកស្លាប់ក្នុងគ្រោះរអិលបាក់ដីចំនួនពីរលើក នៅឯភាគខាងត្បូងនៃប្រទេសអេត្យូពី បានកើនឡើងដល់ ២២៩នាក់ហើយ ខណៈការស្វែងរកអ្នកនៅមានជីវិតកំពុងបន្ត ចូលដល់ថ្ងៃទីពីរ ដោយចំនួន ៥០នាក់បន្ថែមទៀតបានស្លាប់ ដែលរួមមានកុមារ និងមន្រ្តីប៉ូលិសផងដែរ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ ២០២៤។
លោក Markos Melese ប្រធានទីភ្នាក់ងារគ្រោះមន្តរាយជាតិ បានឱ្យដឹងថា«ខ្ញុំមិនដឹងពេលណាបញ្ចប់ទេ យើងកំពុងជីករកសាកសពនៅឡើយ»។ នាយករដ្ឋមន្រ្តីអេត្យូពី លោក Abiy Ahmed បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ។
ក្នុងហេតុការណ៍ ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានបំណាក់ដី កប់មនុស្សជាប់នៅក្រោមនោះជាច្រើននាក់ ក្នុងតំបន់ Gofa ភាគខាងត្បូងប្រទេសអេត្យូពី កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍មុន ខណៈដែលបំណាក់ដីលើកទីពីរ បានវាយប្រហារអ្នកផ្សេងទៀតដែលចូលរួមជួយសង្រ្គោះ នៅថ្ងៃចន្ទដើមសប្តាហ៍៕