យ៉ាងហោចណាស់មនុស្ស ១៩នាក់ បានស្លាប់ក្នុងហេតុការណ៍រអិលបាក់ដីនៅខេត្ត ស៊ីឈួន ភាគនិរតីនៃប្រទេសចិន
អន្តរជាតិ៖ មនុស្ស ១៩នាក់ដែលជាប់គាំងក្នុងហេតុការណ៍បាក់ដីនៅខេត្ត ស៊ីឈួន ភាគនិរតីនៃប្រទេសចិន ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ត្រូវបានគេរាយការណ៍ថា បានស្លាប់ហើយ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបិទបញ្ចប់។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ មិថុនា ឆ្នាំ២០២៣។
ផ្នែកមួយនៃភ្នំមួយបានស្រុតនៅម៉ោងប្រហែល ៦ព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន (ម៉ោងក្នុងតំបន់) នៅជិតស្ថានីយ៍ព្រៃឈើរដ្ឋក្នុងតំបន់ ជីនគូហឺ ជិតទីក្រុង ឡឺសាន។ គ្រោះមហន្តរាយនេះ បានបញ្ជូនភក់ និងកំទេចកំទីឆ្ពោះទៅរកការដ្ឋានសំណង់មួយ ដែលដំណើរការដោយក្រុមហ៊ុនរុករករ៉ែក្នុងស្រុក ជាទីដែលវាបានវាយប្រហារ និងកប់ផ្នែកខ្លះនៃកន្លែងផលិត និងទីស្នាក់នៅនៅឯការដ្ឋានរុករករ៉ែ។
ហើយជាអកុសលនោះ មានមនុស្ស ១៩នាក់ត្រូវបានគេអះអាងថា បានស្លាប់ គិតត្រឹមម៉ោង ៨យប់ និងថា ការងារស្វែងរក និងជួយសង្គ្រោះបានបិទបញ្ចប់ ហើយមូលហេតុនៃការរអិលបាក់ដីកំពុងស្ថិតក្រោមការស៊ើបអង្កេត។
សូមរម្លឹកថា រដ្ឋាភិបាលក្នុងតំបន់ ជីនគូហឺ បានរាយការណ៍ថា ការរអិលបាក់ដីបានសម្លាប់មនុស្ស ១៤នាក់ និង ៥នាក់ទៀតបាត់ខ្លួន។
យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា ចំនួនកម្មករអណ្តូងរ៉ែផ្សេងទៀតដែលមិនបានបញ្ជាក់ច្បាស់លាស់ ត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព។ ភ្លាមៗ អាជ្ញាធរបានបញ្ជូនមនុស្សជាង ១៨០នាក់ និងសម្ភារៈសង្គ្រោះជាច្រើនទៅកាន់ទីតាំងកើតហេតុ៕