ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីទិវាអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស សម័យឌីជីថល» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គោលបំណងសំខាន់ៗ នៃការប្រារព្ធទិវាជាតិអន្តរសាសនាលើកនេះ គឺដើម្បី៖

ទី១-បញ្ជាក់ពីគោលជំហរ និងការប្ដេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ទាំងនៅក្នុងប្រទេសកម្ពុជា កម្រិតតំបន់ និងកម្រិតអន្តរជាតិ។

ទី២-បង្ហាញពីសុខដុមនីយកម្ម និងកិច្ចសហប្រតិបត្តិការជាធ្លុងមួយពីសំណាក់មេដឹកនាំ និងសាសនិក នៃសាសនា នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទសង្គមប្រកបដោយសុខសន្តិភាព ចូលរួមអនុវត្តសកម្មភាពដើម្បីសម្រេចគោល បំណងរួម គឺបង្ការទប់ស្កាត់សំដៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់។

ទី៣-បង្ហាញពីតួនាទីសំខាន់របស់សាសនា និងជំហរក្នុងការបន្តចូលរួម ពីសំណាក់មេដឹកនាំ និងសាសនិកពីគ្រប់ និកាយសាសនា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ