វៀតណាម៖ ដំណើរការកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ង្វៀន ថាញ់ឡុង និងមនុស្ស ៣៧ នាក់ផ្សេងទៀតពីបទទទួលសំណូក ដើម្បីឱ្យក្រុមហ៊ុនមួយលក់ឧបករណ៍ធ្វើតេស្តកូវីដ-១៩ ក្នុងតម្លៃថ្លៃលើសទីផ្សារ បានចាប់ផ្តើមហើយ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃពុធទី ៣ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុន Viet A ដែលជាក្រុមហ៊ុនពាក់កណ្តាលឯកជន ផលិតឧបករណ៍តេស្តរកកូវីដ ត្រូវបានគេចោទប្រកាន់ថាបានចូលដៃចូលជើង ជាមួយមន្ត្រីជាន់ខ្ពស់សម្របសម្រួលកិច្ចព្រមព្រៀងតម្លៃរាប់លានដុល្លារដើម្បីផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តកូវីដ១៩ក្នុងតម្លៃថ្លៃជាទីផ្សារទៅឱ្យមន្ទីរពេទ្យនិងសហគមន៍។ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីជនជាប់ចោទ ដែលពាក់ម៉ាស់ទាំងអស់ត្រូវបានអមដោយប៉ូលិសឯកសណ្ឋាន នាំទៅកាន់អគារតុលាការក្នុងទីក្រុងហាណូយ។

ក្នុងចំណោមពួកគេ មានអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ង្វៀន ថាញ់ឡុង ដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូកចំនួន ២,២៥ លានដុល្លារអាម៉េរិក និងអតីតអភិបាលក្រុងហាណូយ លោ Chu Ngoc Anhដែលត្រូវបានចោទប្រកាន់ពីបទរំលោភលើបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ យ៉ាងហោចណាស់មន្ត្រី និងអ្នកជំនួញ ១០០ នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសពាក់ព័ន្ធនឹងរឿងអាស្រូវនេះ។

ក្រុមហ៊ុន Viet A ត្រូវបានគេប៉ាន់ស្មានថារកចំណូលបាន ១៧២ លានដុល្លារក្នុងអំឡុងពេលនោះ ហើយបានចាយលុយ ៣៤លានដុល្លារអាម៉េរិកក្នុងការសូកប៉ាន់មន្ត្រី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ក្រុមហ៊ុន Viet A បានឱ្យដឹងថាខ្លួនផលិតឧបករណ៍ធ្វើតេស្តចំនួន ៨,៧លានអំឡុងពេលជំងឺរាតត្បាត ដោយភាគច្រើនត្រូវបានបញ្ជូនទៅកន្លែងពេទ្យនៅទូទាំងប្រទេស។ នៅតុលាការយោធាក្នុងទីក្រុងហាណូយកាលពីសប្តាហ៍មុន នាយកប្រតិបត្តិក្រុមហ៊ុន Viet A លោក  Phan Quocត្រូវបានកាត់ទោសឱ្យជាប់គុក ២៥ ឆ្នាំពីបទបំពានអំណាច និងបំពានបទប្បញ្ញត្តិដេញថ្លៃ។ លោកប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀតនៅឯការកាត់ក្ដីរយៈពេលបីសប្តាហ៍ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ