សម្ដេចតេជោ ៖គិតត្រឹមថ្ងៃទី១ វិច្ឆិកានេះ មានរយៈពេល ១ឆ្នាំហើយ កម្ពុជាបើកដំណើរការ សង្គម-សេដ្ឋកិច្ចឡើងវិញ ធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញជាបន្ដបន្ទាប់
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា គិតត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ មានរយៈពេល ១ឆ្នាំហើយ ប្រទេសកម្ពុជាបានបើកដំណើរការ សង្គម-សេដ្ឋកិច្ច ឡើងវិញ។កម្ពុជា បានបើកដំណើរការ សង្គម-សេដ្ឋកិច្ច ឡើងវិញ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះ ក្រោយផ្អាកមួយរយៈដោយសារជំងឺកូវីដ-១៩ រីករាលខ្លាំង។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃនេះ គឺមានរយៈពេល ១ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ថមថយជាបន្តបន្ទាប់។
សម្ដេចតេជោ បន្តថា ការបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ រយៈពេល ១ឆ្នាំមកនេះ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញជាបន្តបន្ទាប់ផងដែរ។
សម្ដេចតេជោ បញ្ជាក់ថា «តែឆ្នាំនេះ ដោយសារការខិតខំរបស់យើង យើងបានបើកប្រទេសឡើងវិញ តាំងពីថ្ងៃទី ១ ខែវិច្ឆិកា ថ្ងៃនេះគឺជាខួប ១ឆ្នាំ នៃការចាប់ផ្ដើមបើកប្រទេសឡើងវិញ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសរបស់យើងឆ្នាំ ២០២១ មានកំណើន ៣ភាគរយ បន្ទាប់ពីការធ្លាក់ចុះ-៣.១ភាគរយ នៅឆ្នាំ ២០២០ ហើយក៏ធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់យើង កើនឡើងរហូតដល់ ៥ភាគរយ»៕