ត្រឹមតែមួយថ្ងៃប៉ុណ្ណោះទាហានរុស្ស៊ីជាង ៧០០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃសង្រ្គាម
អ៊ុយក្រែន៖អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន បានបញ្ជាក់ឱ្យដឹងនៅក្នុងហ្វេសប៊ុកកាលពីថ្ងៃអង្គារថា ទាហានរុស្ស៊ីសរុបចំនួន ៧១០ នាក់ត្រូវបានសម្លាប់ នៅក្នុងតំបន់ Donetsk។
អ៊ុយក្រែន ក៏បានអះអាងពីការបំផ្លាញរថក្រោះរុស្ស៊ី ១៥ គ្រឿង រថពាសដែក ២៤ គ្រឿង ប្រព័ន្ធកាំភ្លើងធំ ៩ គ្រឿង យន្តហោះដ្រូន ៤ គ្រឿង ប្រព័ន្ធប្រឆាំងយន្តហោះ១គ្រឿង និងយន្តហោះ១គ្រឿងកាលពីថ្ងៃអង្គារ។ កាសែត Newsweek មិនបានផ្ទៀងផ្ទាត់ដោយឯករាជ្យណាមួយ នៃតួលេខអ៊ុយក្រែននោះទេ។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានពណ៌នាការប្រយុទ្ធគ្នានៅទីក្រុង Donetsk ដែលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានអះអាងថា បានដាក់បញ្ចូល សម្រាប់រុស្ស៊ីក្នុងខែកញ្ញាថាជា “ការលំបាកជាពិសេស” កាលពីថ្ងៃអង្គារ។ លោកបានលើកឡើងថា យោធារុស្ស៊ី កំពុងបន្តការជំរុញរបស់ខ្លួន ដើម្បីដណ្តើមយកតំបន់ទាំងមូល បើទោះបីជាកងទ័ពរបស់ខ្លួន ទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយ។
លោក ហ្សេឡិនស្គី បានលើកឡើងអំឡុងពេល ថ្លែងតាមកញ្ចក់ទូរទស្សន៍ ពេលយប់របស់លោកថា “សកម្មភាពរបស់អ្នកកាន់កាប់នៅទីនោះ នៅតែមានកម្រិតខ្ពស់បំផុត ការវាយប្រហាររាប់សិបដងជារៀងរាល់ថ្ងៃ”។ “ពួកគេទទួលរងការខាតបង់ ជាទ្រង់ទ្រាយធំ ប៉ុន្តែការប្រយុទ្ធរបស់ពួកគេ មិនបានផ្លាស់ប្តូរនោះទេ ក្នុងការទៅដល់ព្រំដែនរដ្ឋបាលនៃតំបន់ Donetsk យើងមិនបោះបង់ចោលដីរបស់យើងមួយសង់ទីម៉ែត្រ នៅទីនោះទេ”៕ SP