រដ្ឋមន្ត្រីក្រសួងដែន ណែនាំឱ្យបញ្ឈប់លក់គ្រឿងសំណង់ នៅតំបន់បេតិកភណ្ឌអង្គរ ដើម្បីបញ្ចៀសការសាងសង់សំណង់ខុសច្បាប់
សៀមរាប ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែន ដីនគរូបនីយកម្ម និងសំណង់ ក្នុងនាមប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានណែនាំឱ្យម្ចាស់ដេប៉ូលក់គ្រឿងសំណង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងអស់ ត្រូវបញ្ឃប់ការលក់ដូរសម្ភារគ្រឿងសំណងនៅក្នុងតំបន់ ដើម្បីចូលរួមបញ្ចៀសការសាងសង់សំណង់ខុសច្បាប់តទៅទៀត។
ការបញ្ជាដាច់ណាត់បែបនេះធ្វើឡើងក្នុងឱកាសបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
លោក ជា សុផារ៉ា ក៏បានដាក់លក្ខខណ្ឌដាច់ណាត់ឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់ត្រូវរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាត្រូវបន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្តល់លិខិតគតិយុត្តផ្សេងៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដាច់ខាត។ លោកបានព្រមានចាត់វិធានការច្បាប់ចំពោះអ្នកចេញតវ៉ាការពារសំណង់ខុសច្បាប់ទាំងនេះផងដែរ។
សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២នោះ មានទំហំផ្ទៃដីសរុប ៤០១គីឡូម៉ែត្រក្រឡា គ្របដណ្ដប់លើក្រុង/ស្រុកចំនួន៦ នៃខេត្តសៀមរាប មានក្រុងសៀមរាប ស្រុកអង្គរធំ ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកពួក និងស្រុកវ៉ារិន ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត មិនអាចកាត់ឆ្វៀលបានឡើយ៕