ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានលើកសំណើទៅកាន់ ក្រសួងការបរទេសថៃ ដើម្បី​ស្នើ​សុំ​ឱ្យជួយសម្របសម្រួល ជាមួយតម្រួតអន្តោប្រវេសន៍ថៃ បន្ថែមទៀត សំដៅជួយពន្លឿន​ការ​ដោះ​លែ​ង​ពលករដែ​ល​លួចឆ្លងដែនខុសច្បាប់ ១៤នាក់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងកុំដាក់ខ្នោះច្រវ៉ាក់បែបនេះទៀត ។

តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី២៨ មេសានេះ លោក អាន សុខខឿន អ្នកនាំពាក្យក្រ​សួងកា​របរទេ​ស​ខ្មែរ បានធ្វើបច្ចុប្បន្នភាពអំពីការចាប់ឃាត់ខ្លួន និងដាក់ខ្នោះច្រវ៉ាក់ ចំពោះពលករខ្មែ​រដែលលួចឆ្លងដែនចូលប្រ​ទេស​ថៃ ដោយខុសច្បាប់ ។

លោកបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសាកែវ បានទាក់ទងអាជ្ញាធរថៃ និងចុះជួបផ្ទាល់ជាមួយពលករខ្មែរខាងលើ ដោយបានទទួលព័ត៌មានថា នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ អាជ្ញាធរមានសមត្ថកិច្ចថៃ បានចាប់ឃា​ត់​ខ្លួនព​លក​រខ្មែរ ចំនួន១៤នាក់ ដែលបានលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់នៅតំបន់ណាត្រាត ខេត្តសាមុត​ប្រា​កាន។

 

លោកអ្នកនាំពាក្យបន្ថែមថា នៅពេលបញ្ជូនទៅកាន់មន្ទីរឃុំឃាំង នៅទីក្រុងបាងកក ពលករទាំងនោះត្រូវបានអា​ជ្ញា​​ធរ ថៃ ដាក់ខ្នោះច្រវ៉ាក់ ដោយសារខ្លាចរត់គេចខ្លួន ហើយពួកគាត់ត្រូវបានអាជ្ញាធរថៃ ដោះខ្នោះច្រវ៉ាក់ចេញវិញ ពេលដល់នៅមន្ទីរឃុំឃាំងបាងកែវ (ទីក្រុងបាងកក)។លោកបន្តថា តាមការសម្របសម្រួលនិងចរចា​របស់ស្ថា​នទូ​ត​កម្ពុជា អាជ្ញាធរថៃនឹងបញ្ជូនពលករខាងលើត្រលប់មកប្រទេសកម្ពុជាវិញ ក្រោយការសួរនាំនិងបំពេ​ញសំណុំ​ឯក​​សារ ចប់សព្វគ្រប់។

ទន្ទឹមនឹងនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានលើកសំណើទៅកាន់ក្រ​សួងការបរទេសថៃផងដែរ ដើម្បីស្នើសុំឱ្យជួយសម្របសម្រួលជាមួយតម្រួតអន្តោប្រវេសន៍ថៃ បន្ថែមទៀត សំដៅជួយពន្លឿនការដោះ​លែ​ងព​លករទាំង១៤នាក់ខាងលើ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសូមកុំដាក់ខ្នោះច្រវ៉ាក់បែបនេះទៀត ចំពោះ​ពលក​រខ្មែរដែលលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ព្រោះពួកគាត់មិនមែនជាឧក្រិដ្ឋជនទេ។ ជាកា​រឆ្លើ​យតប តំណាងក្រសួងការបរទេសថៃ បានសន្យាថា នឹងពាំនាំសំណើរបស់ស្ថានទូតកម្ពុជា ជម្រាបជូនតម្រួតអន្តោ​ប្រវេស​ន៍ថៃ»

ជាមួយគ្នានោះ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ក៏ដូចជា ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសាកែវ តែងតែណែនាំដល់ពលករខ្មែរទាំងអស់ ឱ្យចូលទៅធ្វើកា​រនៅក្នុងប្រទេសថៃ ដោយស្របច្បាប់ ដើម្បី​ជៀស​វាងនូវផលវិបាកនានា ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ