តុលាការខេត្តស្រះកែវ ពិន័យពលករខ្មែរ២៦នាក់ ក្នុង ម្នាក់៣.០០០បាត ដែលលួចចូលពីប្រទេសម៉ាឡេស៊ី បម្រុងឆ្លងមកកម្ពុជា
(ក្រុងប៉ោយប៉ែត,ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០)៖ នៅសាលាដំបូងខេត្តស្រះកែវ ប្រទេសថៃ ភ្នាក់ងារស៊ើបសួរតម្រួតខ្លងលឹក ស្រុកអារញ្ញកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បាននាំខ្លួនពលករខ្មែរឥស្លាមចំនួន២៦នាក់ ដាក់ពាក្យប្ដឹងទៅតុលាការខេត្តស្រះកែវ ពីបទលួចចូលប្រទេស ដោយតុលាការបានពិចារណាសំណុំរឿង នឹងអានក្រមថា បុរសឈ្មោះ ម៉ៅ រ៉ាហ្វីត អាយុ៣៤ឆ្នាំ ពលករខ្មែរឥស្លាម រួមទាំងបក្ខពួកសរុប២៦នាក់ ធ្វើទង្វើខុសច្បាប់ពិតប្រាកដ សម្រេចដាក់ទោសពិន័យក្នុងម្នាក់៣.០០០បាត ក្រោយពីជម្រះថ្លៃពិន័យរួចរាល់ហើយ អោយអង្គភាពពាក់ពន្ធ័ ដំណើរការបញ្ជូនត្រឡប់ទៅប្រទេសតាមច្បាប់។
សូមជំរាបថា ការចាប់ឃុំខ្លួនពលករខ្មែរឥស្លាមខាងលើ បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនបុរសឈ្មោះ ម៉ៅ រ៉ាហ្វីត អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម ព្រមទាំងបក្ខពួកសរុប១៨នាក់ ក្នុងនោះប្រុស៧នាក់ ស្រី១១នាក់ នឹងអ្នកតាមមកជាមួយ៨នាក់ មានក្មេងប្រុស១នាក់ ក្មេងស្រី៧នាក់ ចោទប្រកាន់ពីបទជាបុគ្គលបរទេសមិនចូល-ចេញតាមផ្លូវ,មិនឆ្លងកាត់ការត្រួតពិនិត្យ នឹងស្នាក់នៅព្រះរាជាណាចក្រថៃ ដោយមិនមានការអនុញ្ញាតិ ។
សម្រាប់ផ្លូវនឹងវិធីលួចចូលប្រទេសរបស់ពលករខ្មែរឥស្លាមក្រុមនេះ រហូតអាចធ្វើដំណើរពីព្រំដែនប្រទេសម៉ាឡេស៊ី មកជាយដែនខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវដែលទល់មុខទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាននោះ ពលករខ្មែរឥស្លាមទាំង២៦នាក់ បានប្រើវិធីធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី លួចចូលមកតាមច្រករបៀង ក្នុងស្រុក សុង៉ៃ កូលុក ខេត្តណះរ៉ា ធិវ៉ាត ចំណាយការធ្វើដំណើរពីម៉ាឡេស៊ីមកសុង៉ៃ កូលុក ៣០០បាត ក្រោយលួចចូលថៃនៅសុង៉ៃ កូលុក នឹងធ្វើដំណើរដោយរថយន្តតួរិស២គ្រឿង មកក្រុងបាងកក អស់ថ្លៃឡានក្នុងម្នាក់១.០០០បាត នឹងធ្វើដំណើរបន្តដោយរថយន្តតួរិស២គ្រឿងទៀត ពីក្រុងបាងកក មកផ្សាររោងគ្លឿ អស់ក្នុងម្នាក់៣០០បាត មកចុះនៅខាងក្រោយធនាគារថៃពាណិជ្ជសាខារោងគ្លឿ កាលពីព្រឹកថ្ងៃទី២៣កក្កដាកន្លងមកបំរុងឆ្លងដែនមកកម្ពុជាតែត្រូវកម្លាំងតម្រូតថៃចាប់បញ្ជូនទៅតុលាកាដើម្បីកាត់ទោស៕