ព្រះសីហនុ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញពិនិត្យដំណើរការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅក្នុងក្រុងព្រះសីហនុ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះ មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ គឺជាសមិទ្ធផលមួយកើតចេញពីការគិតគូររបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីថែរក្សាការពារបរិស្ថាន។ ជាពិសេសថែរក្សាបរិស្ថាន មានដូចជាឆ្នេរ ទឹកសមុទ្រ រួមនឹងជីវៈចម្រុះនៅក្នុងសមុទ្រ កុំឱ្យរងផលប៉ះពាល់ពីទឹកកខ្វក់បង្ហូរពីតាមលំនៅដ្ឋាន អាហារដ្ឋាន សណ្ឋាគារ និងទីតាំងដទៃទៀត។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានតួនាទីក្នុងការចម្រោះទឹកកខ្វក់ទាំងឡាយ ឱ្យបានស្អាតមុននឹងបង្ហូរចេញទៅក្រៅ ឬចូលទៅក្នុងសមុទ្រ។


ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បានចាប់ផ្តើមសាងសង់ដំណាលនឹងគម្រោងសាងសង់ផ្លូវទាំង៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ។ ស្ថានីយប្រព្រឹត្តកម្មចំនួនពីរហើយ ដែលបានដាក់ឱ្យប្រើប្រាស់នាពេលកន្លងទៅ។ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២០០ម៉ែត្រគូបក្នុង១ថ្ងៃ។ ស្ថានីយទី១ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតាស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ម៉ែត្រគូបក្នុង១ថ្ងៃ។ ស្ថានីយទី២ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតាស្ថិតក្នុងសង្កាត់លេខ៣។


ក្រៅពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣ខាងលើ ខេត្តព្រះសីហនុ នៅមានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ទីតាំងផ្សេងទៀត ក្នុងនោះ ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ ក្រុងព្រះសីហនុ (១៦ ហិកតា)៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ