មនុស្សជាង៨សែននាក់ ចុះហត្ថលេខាលើញត្តិទាមទារឱ្យសភាកូរ៉េខាងត្បូង ទម្លាក់ប្រធានាធិបតី Yoon Suk Yeol ពីដំណែង
កូរ៉េខាងត្បូង៖ មកទល់ពេលនេះ មនុស្សចំនួនលើស៨១១,០០០នាក់ បាននាំគ្នាចុះហត្ថលេខាលើ ញត្តិអនឡាញមួយ នៅលើវែបសាយរបស់សភាកូរ៉េខាងត្បូង ដែលមានគោលដៅទាមទារឱ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវសភាបោះឆ្នោតទម្លាក់ចេញពីអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤។
ញាតិ្តអនឡាញខាងលើ ត្រូវបានចាប់ផ្តើមដាក់ឱ្យ ប្រជាជនកូរ៉េខាងត្បូងចុះហត្ថលេខា តាំងតែពីថ្ងៃទី២០ ខែមិថុនា មក ហើយវាអំពាវនាវឱ្យសភាចេញសេចក្តីស្នើច្បាប់មួយ ដើម្បីទម្លាក់លោក Yoon ពីតំណែង ក្រោមហេតុផលថា រូបលោកអសមត្ថភាពក្នុងការកាន់តួនាទីជា ប្រធានាធិបតីកូរ៉េខាងត្បូង។
ញត្តិនោះចោទប្រកាន់លោក Yoon ពាក់ព័ន្ធអំពើពុករលួយ បង្កើនហានិភ័យសង្រ្គាមជាមួយកូរ៉េខាងជើង និងធ្វើឱ្យប្រជាជនកូរ៉េខាងត្បូង ប្រឈមហានិភ័យផ្នែកសុខភាព ដោយសារមិនរារាំងជប៉ុន បង្ហូរទឹកសំណល់វិទ្យុសកម្ម ចូលទៅក្នុងសមុទ្រ។
សភាកូរ៉េខាងត្បូង មានសិទ្ធិបោះឆ្នោតទម្លាក់ប្រធានាធិបតី ក្នុងសំឡេងគាំទ្រ យ៉ាងហោច២ភាគ៣។ បន្ទាប់មក តុលាការធម្មនុញ្ញ នឹងពិចារណាហើយសម្រេចជាចុងក្រោយថា នឹងទទួលយកលទ្ធផលនៃការបោះឆ្នោតទម្លាក់នោះ ដែរឬក៏អត់។ ប្រជាប្រិយភាពរបស់លោក Yoon បានបន្តធ្លាក់ចុះ ចាប់តាំងពីពេលឡើងកាន់អំណាច កាលពីឆ្នាំ២០២២ ខណៈកម្រិតប្រជាប្រិយភាពចុងក្រោយបង្អស់របស់លោក គឺស្ថិតនៅក្បែរៗ២៥ភាគរយ ចាប់តាំងពីខែមេសា ឆ្នាំនេះ។
គួរបញ្ជាក់ថា ក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង សភាធ្លាប់បោះឆ្នោតទម្លាក់ប្រធានាធិបតីចំនួន២រូប គឺលោក Roh Moo-hyun ឆ្នាំ២០០៤ និងលោកស្រី Park Geun-hye ឆ្នាំ២០១៧។ ការបោះឆ្នោតទម្លាក់លោក Roh ត្រូវបានតុលាការធម្មនុញ្ញបដិសេធ ក៏ប៉ុន្តែការទម្លាក់ លោកស្រី Park ត្រូវបានយល់ព្រម៕