ប្រទេសវៀតណាមសម្រេចកាត់ទោសប្រហារជីវិតសមាជិក១០នាក់ក្រោយជួញដូរគ្រឿងញៀនប្រមាណ២១គីឡូក្រាម
វៀតណាម៖ តុលាការប្រជាជនខេត្តសុនឡា( Son La)ភាគពាយព្យប្រទេសវៀតណាមបានកាត់ទោសប្រហារជីវិតសមាជិក១០នាក់នៃក្រុមជួញដូរថ្នាំញៀនមួយនិងដាក់គុកមួយជីវិតដល់សមាជិកម្នាក់ទៀតចំពោះទោសជួញដូរថ្នាំញៀន២១គីឡូក្រាមក្នុងអំឡុងសវនាការចាប់ពីថ្ងៃ១ដល់ថ្ងៃ៥មិថុនា។
ចុងចម្លើយទាំង១១នាក់មានអាយុចាប់ពី២៨ដល់៥១ឆ្នាំ ការស៊ើបអង្កេតបានរកឃើញថា ចាប់ពីខែមិថុនា ឆ្នាំ២០២០ដល់ខែមករា ឆ្នាំ២០២១ ក្រុមនេះបានជួញដូរថ្នាំញៀន រួមមានថ្នាំមេតំហ្វេតាមីន ,អាំហ្វេតាមីននិងកេតាមីន ជាច្រើនលើក។
ប្រតិបត្តិការជួញដូរលួចលាក់នេះហាក់ធ្ងន់ធ្ងរនៅពេលសមាជិកក្រុមនេះបានចាប់ផ្តើមជួញដូរថ្នាំញៀននៅក្នុងមន្ទីរពេទ្យរដ្ឋមួយក្នុងក្រុងហាណូយ។
សមាជិកម្នាក់ទៀតនៃក្រុមនេះឈ្មោះ ង្វៀន សួន គ្វី(Nguyen Xuan Quy)ត្រូវបានតុលាការកាត់ទោសប្រហារជីវិតកាលពីខែសីហាមុនចំពោះទោសស្តុកទុក ជួយសម្រួលការប្រើនិងលក់ថ្នាំញៀនបន្ទាប់ពីជននេះត្រូវបានចាប់ខ្លួនក្នុងពេលកំពុងប្រើថ្នាំញៀននិងរៀបចំពិធីជួបជុំប្រើថ្នាំញៀនក្នុងអំឡុងពេលរូបគេស្នាក់នៅមន្ទីរពេទ្យ ក្នុងនាមជាអ្នកជំងឺ។
វៀតណាមមានច្បាប់ប្រឆាំងថ្នាំញៀនតឹងរឹងបំផុតមួយនៅក្នុងលោក ដោយជនណាដែលត្រូវបានរកឃើញថាជួញដូរ ឬមានថ្នាំញៀនហេរ៉ូអ៊ីនចាប់ពី០,៦គីឡូក្រាមទៅប្រឈមទោសប្រហារជីវិត៕