កូឡុំបូ៖ ប្រជាជនស្រីលង្កាបានរង់ចាំការលាលែងចេញពីតំណែងរបស់ប្រធានាធិបតី លោក Gotabaya Rajapaksaមួយថ្ងៃបន្ទាប់ពីលោកបានភៀសខ្លួនទៅកាន់ប្រទេសម៉ាល់ឌីវ ដើម្បីគេចពីការបះបោរដ៏ពេញខ្លាំងខ្លាប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចដែល ស្តីបន្ទោសលើការគ្រប់គ្រងមិនត្រឹមត្រូវរបស់រដ្ឋាភិបាលរបស់លោក។
ជាក់ស្តែង លោក Gotabaya Rajapaksa ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីបន្តទៀត ទោះបីជាទិសដៅចុងក្រោយរបស់លោកមិនទាន់ច្បាស់ក៏ដោយ។ ការសម្រេចចិត្តរបស់លោក Gotabaya Rajapaksa កាលពីថ្ងៃពុធ ដោយឱ្យសម្ព័ន្ធមិត្តរបស់លោក លោក Ranil Wickremesinghe ដែលជានាយករដ្ឋមន្ត្រីដើរតួនាទីជាប្រធានាធិបតីស្តីទី បានបង្កឱ្យមានការតវ៉ាកាន់តែច្រើនដោយក្រុមបាតុករបានសម្រុកចូលការិយាល័យនាយករដ្ឋមន្ត្រីទាមទារឱ្យគាត់លាលែងពីតំណែងផងដែរ។
ជាមួយគ្នានេះ ជំនួយការរបស់ប្រធានសភា លោក Mahinda Yapa Abeywardena បាននិយាយថា លោក Gotabaya Rajapaksa បានធានាម្តងហើយម្តងទៀតថា លោកនឹងចុះចេញពីតំណែងនៅថ្ងៃពុធ ប៉ុន្តែលិខិតលាលែងពីតំណែងរបស់លោកមិនទាន់បានមកដល់ទេ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍។យ៉ាងណាម៉ិញ ប្រភពពីមន្ទីរពេទ្យបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៤៥ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងប៉ូលីសកុបកម្មនិងក្រុមបាតុករកាលពីយប់ថ្ងៃពុធនៅជិតអគារសភា ខណៈដែលប្រជាជនបានទាមទារឱ្យចុះចេញពីតំណែង ទាំង លោក Gotabaya Rajapaksa និង លោក Ranil Wickremesinghe ។
អ្នកនាំពាក្យប៉ូលិស លោក Nalin Thalduwa បានប្រាប់អោយដឹងថា "បាតុករមួយចំនួនដែលបានប្រមូលផ្តុំនៅខាងក្រៅអគារសភា ឥឡូវនេះបានបំបែកខ្លួន" ។ «តំបន់នេះស្ងប់ស្ងាត់ហើយ»។ ជាងនេះទៅទៀត បម្រាមគោចរពេញមួយយប់ ដែលដាក់ដោយប្រធានាធិបតីស្តីទី បានបញ្ចប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយមិនមានការចាប់ខ្លួននោះទេ។
គួរបញ្ជាក់ថា លោក Gotabaya Rajapaksa និង ភរិយា ព្រមទាំងអង្គរក្ស ២នាក់ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់នៅជិតទីក្រុង Colombo តាមយន្តហោះរបស់កងទ័ពអាកាសកាលពីព្រឹកថ្ងៃពុធ។ ប្រព័ន្ធផ្សព្វផ្សាយ Maldives បានផ្សាយថា ពេលនេះលោកកំពុងរង់ចាំយន្តហោះឯកជនមួយ ដើម្បីហោះហើរទៅកាន់ប្រទេសសិង្ហបុរី។ NR