ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឱ្យដឹងថា ករីណគ្រោះថ្នាក់ចរាចរណ៍ បានហក់ឡើងខ្ពស់ បន្ទាប់ពីផ្អាកការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលនៃការប្រឈមមុខសត្រូវឈ្លានពានថៃ។

យោងតាមរបាយការណ៍ផ្សព្វផ្សាយក្នុងកិច្ចប្រជុំ នៅឆមាសទី១ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១ ០៦៦លើក បណ្ដាលឱ្យស្លាប់មនុស្ស ៦៩៤នាក់ និងរបួស១៤៧៦នាក់។ ចំនួននេះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ ថយចុះ៤៦៨លើក ស្មើនឹង៣១% អ្នកស្លាប់ថយចុះ៩៩នាក់ ស្មើ១២% និងអ្នករបួសថយចុះ ៦៤០នាក់ ស្មើ៣០%។ 

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នៅតែបន្តបង្ហាញក្តីព្រួយបារម្ភ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ ថយចុះក៏ដោយ។ 

លោកឧបនាយករដ្ឋមន្ត្រី បានទាញការកត់សម្គាល់ថា «នៅក្នុងអំឡុងពេលនៃការប្រឈមមុខសត្រូវឈ្លានពានថៃ ដែល ឯកឧត្តម បានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្អាកការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលនេះ បានហក់ឡើងខ្ពស់ជាងអំឡុងពេលធម្មតា ដែលមានន័យបញ្ជាក់ថា ការរឹតបន្តឹងច្បាប់នៅតែជាកិច្ចការចាំបាច់បំផុត បន្ទាប់ពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ធូរស្រាល»។ 


ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានណែនាំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យទិដ្ឋភាពបច្ចេកទេស និងច្បាប់ ដើម្បីគ្រប់គ្រង និងកំណត់លក្ខខណ្ឌនៃការប្រើប្រាស់កង់អាគុយ ឬកូនរថយន្តអាគុយ(ជិះម្នាក់ពីរ) ដ្បិតការប្រើប្រាស់មានកំណើន សកម្មភាពចរាចរណ៍មានលក្ខណៈទូទៅ ទាំងលើផ្លូវជាតិ ពិសេសចាប់ផ្ដើមមានក្នុងកំណត់ត្រានៃគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ