មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សម្រេចដាក់ពិន័យលើមន្ត្រីរបស់ខ្លួនក្រោយចុះអនុវត្ដការងារ ល្មើសវិន័យវិជ្ជាជីវៈធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ មន្ត្រីនគរបាលនៅការិយាល័យទី២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុម ត្រូវបានទទួលរងនូវការពិន័យពីអង្គភាព ក្រោយចុះអនុវត្ដការងារ ល្មើសវិន័យវិជ្ជាជីវៈ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលបានផ្ទុះការរិះគន់ ពេញបណ្ដាញសង្គម Tik Tok។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានផ្សព្វផ្សាយ ពីគណនី Tik Tok ឈ្មោះ សុជាតា ស្ដីពីបាតុភាព នៅភូមិតាងួន២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ ហើយបានចេញបទបញ្ជាស្រាវជ្រាវករណីនេះជាបន្ទាន់។
មន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវហើយរកឃើញថា មន្ត្រីការិយាល័យទី២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុម បានចុះទៅអនុវត្តន៍វីធានញុះញង់ ស្របតាមនីតិវិធីច្បាប់ ដោយបានរាយការណ៍ ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំពីសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង រាជធានីភ្នំពេញ។ ប៉ុន្តែក្នុងការចុះអនុវត្តន៍ការងារក្រុមនេះបានប្រព្រឹត្តល្មើសវិន័យ វិជ្ជាជីវៈ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋ។
មន្ត្រីនគរបាលនៅការិយាល័យទី២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុមនេះ រងការដាក់វិន័យដោយបញ្ជូន ទៅអង្គភាពតម្រួតបទបញ្ជា ដើម្បីពិចារណាកំហុស ហើយក្រុមប្រឹក្សាវិន័យ នឹងពិនិត្យស្នើសុំដាក់វិន័យ ជាក់ស្ដែងបន្ថែមទៀត៕