អង្គការឧតុនិយមពិភពលោក ប្រកាសអាសន្ន និងបានព្រមានអំពីរលកកម្តៅកើនឡើងហានិភ័យនៃមនុស្សស្លាប់ដែលកំពុងគ្របដណ្តប់ទ្វីបអាស៊ី និងសហរដ្ឋអាមេរិក
អាមេរិក៖តំបន់ធំៗនៃទ្វីបអឺរ៉ុបភាគខាងត្បូង និងខាងកើត ត្រូវប្រកាសអាសន្នអំពីរលកកម្តៅ ខណៈអង្គការឧតុនិ យមពិភពលោក (WMO) ក៏បានព្រមាន អំពីការកើនឡើងហានិភ័យនៃមនុស្សស្លាប់ផងដែរ បន្ទាប់ ពីអាកាសធាតុកាចសាហាវកំពុងគ្របដណ្តប់ទ្វីបអាស៊ី និងសហរដ្ឋអាមេរិក ។នេះបើតាមការឱ្យដឹង របស់សារព័ត៌មាន Time News ចេញផ្សាយនៅថ្ងៃទី ១៩ កក្កដា ឆ្នាំ២០២៣។
កោះ Sardinia នៃប្រទេសអ៊ីតាលី បានជួបប្រទះសីតុណ្ហភាពខ្ពស់ជាង ៤៧ អង្សាសេកាលពីថ្ងៃអង្គារ ហើយអ្នកព្យាករនិយាយថា សីតុណ្ហភាពអាចឡើងលើស ៤០ អង្សាសេនៅក្នុងទីក្រុងមួយចំនួនរបស់អ៊ីតាលី ដូចជា Lazio ជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ មជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបបន្ទាន់ របស់សហភាពអឺរ៉ុប ក៏បានចេញការជូនដំណឹងពណ៌ក្រហម សម្រាប់សីតុណ្ហភាពខ្ពស់នៅក្នុងតំបន់ដ៏នៃប្រទេសអ៊ីតាលី ភាគឦសានប្រទេសអេស្ប៉ាញ ក្រូអាត ស៊ែប៊ី ភាគខាងត្បូងប្រទេសបូស្នៀ-ហឺហ្សេហ្គោវីណា និងម៉ុងតេណេក្រូ។
នៅអ៊ីតាលី បុគ្គលិកការពារជនស៊ីវិល បានតាមឃ្លាំមើលមនុស្សនៅកណ្តាលទីក្រុងរ៉ូម ខណៈក្រុមកាកបាទក្រហមនៅព័រទុយហ្គាល់ បានប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីព្រមានប្រជាជនកុំឲ្យទុកសត្វចិញ្ចឹម ឬកុមារនៅក្នុងឡានដែលចតចោល ។ ចំណែកប្រទេសក្រិក អ្នកស្ម័គ្រចិត្ដបានចែកទឹកផឹក ហើយនៅអេស្ប៉ាញវិញ ពួកគេបានដាស់តឿនប្រជាជន ឲ្យចេះពីរបៀបដកដង្ហើមក្នុងពេលមានផ្សែងពីភ្លើងឆេះព្រៃ។
ដោយឡែក ប្រទេសជប៉ុន បានចេញការព្រមានអំពីជំងឺដាច់សរសៃឈាមខួរក្បាល នៅខេត្តចំនួន៣២ក្នុងចំណោម៤៧ ខណៈមនុស្សយ៉ាងតិច៦០នាក់ កំពុងទទួលការព្យាបាលជំងឺនេះ។
ទោះបីជាយ៉ាងណាក៏ដោយ នៅតំបន់អាស៊ី សីតុណ្ហភាពខ្ពស់បំផុតក្នុងកំណត់ត្រា បានបង្កជាភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ។ ជាក់ស្ដែងមនុស្សជិត ២៦ ម៉ឺននាក់ត្រូវបានជម្លៀស នៅភាគខាងត្បូងប្រទេសចិន និងវៀតណាម មុនពេលព្យុះទីហ្វុង Talim បោកបក់មកដល់ ។
គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយពីការបម្រែបម្រួលអាកាសធាតុ ដែលបណ្តាលមកពីការបំភាយឧស្ម័នផ្ទះកញ្ចក់ ភាគច្រើនពីការដុតឥន្ធនៈហ្វូស៊ីល នឹងធ្វើឲ្យរលកកម្តៅកើតឡើងកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងកាចសាហាវ ។ ក្នុងនោះពួកគេនិយាយថា រដ្ឋាភិបាលនានា ចាំបាច់ត្រូវចាត់វិធានការម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ៕