បរទេស៖ មនុស្សយ៉ាងតិច ២០ នាក់ បានស្លាប់ នៅរដ្ឋមេរីដា (Merida) ភាគខាងលិចវេណេស៊ូអេឡា (Venezuela) បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបណ្តាលឱ្យមានការរអិលបាក់ដី និងទឹកទន្លេឡើង។

យោងតាមការផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃពុធ មន្រ្តីគណបក្សសង្គមនិយម ដែលកំពុងកាន់អំណាចនៅមឺរីដា បានប្រកាសថា ករណីស្លាប់បានកើនឡើង ហើយបានបន្ថែមថា អាជ្ញាធរកំពុងធ្វើការ ដើម្បីស្តារសេវាកម្មទូរស័ព្ទឡើងវិញនៅតំបន់ខ្លះ។

លោក Ramon Guevara អភិបាលរបស់រដ្ឋ បាននិយាយមុននេះថា ផ្ទះជាង ១.២០០ ខ្នង ត្រូវបានបំផ្លាញ ហើយមនុស្ស ១៧ នាក់ នៅតែបាត់ខ្លួន ខណៈក្រុមជួយសង្គ្រោះកំពុងស្វែងរក ។


ជាក់ស្តែង រូបភាពដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមបានបង្ហាញថា រថយន្តត្រូវបានកម្ទេចតាមដងផ្លូវ អគារនិងកន្លែងអាជីវកម្ម ពោរពេញទៅដោយភក់និងការរអិលបាក់ដី ដែលបានបន្សល់ទុកផ្ទាំងថ្មពាសពេញផ្លូវ។

លោក Ramon Guevara បាននិយាយទៀតថា ទីក្រុងមួយចំនួននៅក្នុងតំបន់ដែលរងផលប៉ះពាល់រួមមាន Tovar, Bailadores, Zea និង Santa Cruz de Mora គ្មានអគ្គិសនីប្រើប្រាស់ទេដោយសារទឹកជំនន់បានខូចខាតឧបករណ៍បំលែងអគ្គិសនី។

គួររំលឹកថា រហូតមកដល់ពេលនេះ អ្នកពន្លត់អគ្គីភ័យ ៨០ នាក់ និងមន្រ្តីការពារស៊ីវិល ៦០ នាក់ មកពីមឺរីដា ត្រូវបានដាក់ពង្រាយសម្រាប់ប្រតិបត្តិការសង្គ្រោះបន្ទាន់បន្ថែមលើសមាជិកកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅតំបន់នោះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ