ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងទ័ពជើងគោក និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំដទៃទៀត។ 

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ទង្វើរបស់បុគ្គលពាលរូបនេះ តាមរយៈការញុះញង់ ការគ្រងឯកសណ្ឋានយោធាដោយខុសច្បាប់ ការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូរ របស់កងយោធ ពល ខេមរភូមិន្ទ គឺជាអំពើល្មើសច្បាប់ ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឱ្យបាន។

ទន្ទឹមគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវដល់ ជនរួមជាតិ ទាំងអស់ កុំចែកចាយបន្ត នូវវីដេអូ របស់បុគ្គលពាលក្រៅសង្គមរូបនេះ ហើយក៏សូមអំពាវនាវដល់ ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការ ដើម្បី ផ្តន្ទាទោសជននេះតាមផ្លូវច្បាប់។

អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានប្រកាសប្រឆាំងដាច់ខាត ចំពោះជនណា ដែលព្យាយាម ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ កងយោធ ពលខេមរភូមិន្ទ និងសូមប្ដេជ្ញាការពារ រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជនណាមួយ មករំលោភបំពាន បានឡើយ។ដោយឡែកលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅរសៀលថ្ងៃទី២៣ ខែមករានេះបានសរសេរថា “នេះជាការប្រមាទ ដែលមិនអាចទទួលយកបាន។ 

ក្នុងនាមជាប្អូន ពាក្យសំដីដ៏ព្រហើន គ្មានមូលដ្ឋាន និងអសុរសនេះ បានប៉ះពាល់មកដល់អារម្មណ៍និងមនោសញ្ចេតនាខ្ញុំផ្ទាល់ ដែលជាសមាជិកគ្រួសារតែមួយ។ ខ្ញុំសូមអំពាវនាវឱ្យសមត្ថកិច្ច ចាត់វិធានការច្បាប់លើជនខិលខូចម្នាក់នេះ ដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់ដោយខុសច្បាប់ និងប្រើប្រាស់ពាក្យពេចន៍គ្មានមូលដ្ឋាន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយសបុគ្គលផង និងកិត្តិយសនៃស្ថាប័នជាតិនៃយើងផង”៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ