ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ មានការសោកស្តាយចំពោះការរិះគន់ ដោយគ្មានសតិសម្បជញ្ញៈរបស់ ក្រុមឧទ្ទាម ក្រៅច្បាប់មួយចំនួន ដែលបានវាយប្រហារមកលើកិច្ចការមនុស្សធម៌ របស់ក្រសួងការពារជាតិ តាមរយៈការ បំពាក់មេដាយ ជាគ្រឿងឥស្សរិយយសដោយ ជូនដល់មន្ត្រីយោធាជំនាញវេជ្ជសាស្ត្រ ចិន ដែលបានមកជួយកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩។

យោងតាមគេហំទព័រហ្វេសប៊ុករបស់លោក ឈុំ សុជាត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ថា«មានការសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះការរិះគន់ ដោយគ្មានសតិសម្បជញ្ញៈរបស់ក្រុមឧទ្ទាមក្រៅច្បាប់មួយចំនួន ដែលបានវាយប្រហារមកលើកិច្ចការមនុស្សធម៌របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបំពាក់មេដាយ ជាគ្រឿងឥស្សរិយយស ដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមរាជរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យឯករាជ្យជូនដល់ មន្ត្រីយោធាជំនាញវេជ្ជសាស្ត្រ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។

លោកបន្ដថា ការរិះគន់នេះមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៃស្ថានភាពដែលកម្ពុជាក៏ដូចជាប្រទេសជាច្រើន នៅលើពិភពលោក បាននិងកំពុងប្រឈមមុខនឹង ការរីករាលដាលឆ្លងជំងឺកូវីដ១៩ រាប់លាននាក់និងមានមនុស្សស្លាប់រាប់សែននាក់។ដូចនេះ ការទទួលជំនួយជាសម្ភារៈពេទ្យ ដើម្បីទប់ស្កាត់ប្រឆាំងជំងឺកូវីដ១៩ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធនិងក៏បង្ហាញនូវ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកផងដែរ។

លោកបន្ថែមថា ការបំពាក់មេដាយកិត្តិយសដល់សប្បុរសជន មិនថាជូនដល់ជនរួមជាតិកម្ពុជា ឬជូនទៅជនបរទេស គឺជាកាយវិការមនុស្សធម៌ បង្ហាញនូវសាមគ្គីភាព ការលើកទឹកចិត្តប្រកបដោយគុណធម៌ឆ្លើយតបទៅនឹងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈម របស់សកលលោក។

លោកបញ្ជាក់ថា ផ្ទុយទៅវិញការរិះគន់វាយប្រហារក្នុងចេតនាបន្ទុចបង្អាក់ សកម្មភាព មនុស្សធម៌ គឺជាសារជាតិរបស់ក្រុមប្រឆាំង ដែលមិនត្រឹមតែមិនបាន ផ្តល់នូវប្រយោជន៍សម្រាប់បម្រើប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវឥរិយាបថ បំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចសហការល្អនិងការទំនាក់ទំនងជា អន្តរជាតិ និងក៏ជាចេតនាទុច្ចរិតមិនឱ្យតម្លៃអាយុជីវិតរបស់ពលរដ្ឋកម្ពុជា ខណៈដែលសិទ្ធិរស់រាន មានជីវិតត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយដែលប្រជាជនកម្ពុជា គួរតែមានមោទនភាព ខណៈដែលមានប្រទេសជាមិត្តជួយឧបត្ថមគាំទ្រ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ