រដ្ឋមន្ដ្រីការពារជាតិ អំពាវនាវឲ្យពលរដ្ឋ កុំចេញពីផ្ទះបើមិនចាំបាច់ និងចៀសវាងការជួបជុំមនុស្សច្រើន ដើម្បីទប់ស្កាត់កូវីដ១៩
ភ្នំពេញ៖ ក្នុងស្មារតីក្រើនរំលឹក ក៏ដូចជាចូលរួមចំណែក បង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ កុំចាកចេញពីផ្ទះបើមិនការងារចាំបាច់ និងចៀសវាងការជួបជុំមានមនុស្សច្រើន ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ។
តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១ ឧសភានេះ សម្ដេច ទៀ បាញ់ បានមានប្រសាសន៍ថា បើទោះជា យើងគ្មានករណីចម្លងថ្មី អស់រយៈពេលជាច្រើនថ្ងៃ មិនធ្លាប់មានករណីបាត់បង់ជីវិត និងមានអត្រាជាសះស្បើយច្រើនយ៉ាងណាក្តី ស្ថានភាពនៃការគំរាមកំហែងពីមេរោគ COVID-19 គឺនៅមានកម្រិតខ្ពស់នៅឡើយ។
សម្ដេចបន្តថា ជាក់ស្តែង អត្រាចម្លងថ្មី និងមរណៈភាព មិនទាន់ថមថយនោះទេ នៅតាមបណ្តាប្រទេសនានា ក៏ដូចជាប្រទេសដែល នៅក្បែរខាងកម្ពុជាផងដែរ។
សម្ដេចពិជ័យសេនា បញ្ជាក់ថា «ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះបើមិនចាំបាច់ និងចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន ជាពិសេស អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ» ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១ ឧសភានេះ ក្រសួងសុខាភិបាលកម្ពុជា ព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយសរុប ១១៩នាក់ ខណៈអ្នកកំពុងសម្រាកព្យាបលបន្ត នៅសល់តែ ៣នាក់ប៉ុណ្ណោះ (រាប់ទាំងអ្នកជាសះស្បើយ និងអ្នកកំពុងព្យាបាល មានចំនួន ១២២នាក់) ៕ E B