ភ្នំពេញ៖ សមយុទ្ធនាគមាស ឆ្នាំ២០២០រវាងកងទ័ពកម្ពុជា-ចិនក្រោមប្រធានបទ រួមគ្នាប្រឆាំងភេរវកម្មនិងការងារ មនុស្សធម៌ ចាប់តាំងពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ខែមីនា ឆ្នាំ២០២០នេះ នៅទីលានបាញ់គ្រាប់ពិត សាលាហ្វឹកហ្វឺនតេជោសែនជុំគិរីបានបញ្ចប់ទៅដោយជោគជ័យ។

 

 

 

យោងតាមគេហទំព័រហ្វេសប៊ុក របស់កងពលតូចលេខ៧០បានឲ្យដឹងថាពិធីបិទ សមយុទ្ធនាគមាសឆ្នាំ២០២០នេះបានប្រារព្ធ ឡើងអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក Wang Wen Tian អគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

លោក  Wang Wen Tian មានប្រសាសន៍ថា លំហាត់សមយុទ្ធនាគមាស២០២០ គឺជាលំហាត់មួយដែលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបន្សល់ទុកនៅនិមិត្តសញ្ញាមួយដ៏រឹងមាំកត់ត្រាទុកក្នុងប្រវត្តិសាស្រ្តយោធានៃកិច្ចប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ និងកងប្រដាប់អាវុធទាំងពីរ ដោយសារការរៀបចំសមយុទ្ធនេះ ស្របពេលដែលបណ្តាប្រទេសទាំងអស់នៅលើពិភពលោក និយាយជារួម និយាយដោយឡែក ប្រទេសកម្ពុជា-ចិនបាននិងកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយការរីករាលដាលជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរ។ ប៉ុន្តែ ទោះជាមានការលំបាកយ៉ាងណាក៏ដោយ ក៏កងទ័ពប្រទេសយើងទាំងពីរជម្នះគ្រប់ឧបសគ្គ បានរួមចិត្តតែមួយកៀកស្មារគ្នានិងធ្វើការជាមួយគ្នាគ្រប់ការលំបាករៀបចំសមយុទ្ធនេះសម្រេចបានជោគជ័យតាមផែនការគ្រោងទុក។ជោគជ័យទាំងអស់នេះបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍ចំណងមិត្តភាពប្រទេសទាំងពីរក្នុងស្មារតីស្ម័គ្រចិត្តរួមគ្នាបន្តអនុវត្តតាមទស្សនៈរួមដែល រដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នាពង្រឹងការប្រាស្រ័យទាក់ទងទៅវិញទៅមកកាន់តែសុីជម្រៅលើកិច្ចសហប្រតិបត្តិការវិស័យយោធាឱ្យទទួលបានសមិទ្ធិផលថ្មីៗបន្ថែម រួមចំនែកជាដៃគូរក្នុងការកសាងសហគមន៍ដែលមានវាសនារួមគ្នា តាមរយៈការជម្រុញផ្សារភា្ជប់រវាងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និង ផ្លូវ” រួមនឹង “យុទ្ឋសាស្រ្តចតុកោណ” និងថែរក្សាការពារ សន្តិភាព ស្ថិរភាពនៅក្នុងតំបន់។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា សមយុទ្ធនាគមាស២០២០ នេះ គឺជាការសមយុទ្ធហ្វឹកហ្វឺនរួមគ្នាតែមួយគត់ ដែលកងទ័ពចិនបានរៀបចំឡើងជាមួយកងទ័ពបរទេសក្នុងអំឡុងពេលដែលប្រទេសយើងកំពុងប្រឈមមុខនឹងជំងឺកូវីត១៩ ។ នាពេលនោះយើងក៏មានក្តីបារម្ភដោយខ្លាចជំងឺកូវីត១៩ នេះអាចនឹងប៉ះពាល់ដល់ប្រសិទ្ធិភាពនៃការរៀបចំសមយុទ្ធលើកនេះ ។ ការពិតបានបង្ហាញយ៉ាងច្បាស់ថា ទោះបីជាកំពុងប្រឈមនឹងការរំខានពីវីរុសកូវីតយ៉ាងណាក៏ដោយក៏ក្រុមដឹកនាំសមយុទ្ធនៃភាគីទាំងសងខាង ខិតខំពុះពារការលំបាក ធ្វើការរៀបចំមេរៀនហ្វឹកហ្វឺន សមស្របតាមលក្ខណៈវិទ្យាសាស្ត្រ រហូតដល់សម្រេចគោលដៅទាំងពីរ រួមទាំងលំហាត់ហ្វឹកហ្វឺនសម្រាប់កងទ័ព និងការពារទប់ស្កាត់វីរុសកូវីត១៩ បានយ៉ាងល្អប្រសើរផង ដោយមិនមានបញ្ហាកើតឡើងទាំងអស់ ។

សម្រាប់នាយទាហានពលទាហាន ចូលរួមសមយុទ្ធនៃភាគីទាំងពីរកម្ពុជា-ចិនបានរៀបចំហ្វឹកហាត់ជាក្រុមរួមគ្នា ធ្វើការរៀនសូត្រ និងដកពិសោធន៍ពីគ្នាទៅវិញទៅមក រួមគ្នាលើកកម្ពស់សមត្ថភាព ធ្វើការហ្វឹកហាត់បញ្ជាពីទីបញ្ជាការ បញ្ជាប្រតិបត្តិការប្រឆាំងភេរវកម្ម ព្រមទាំងរៀបចំការងារមនុស្សធម៌នានាប្រកបដោយជោគជ័យ ។ ក្រោយពីការហ្វឹកហាត់ ភាគីទាំងពីរបានរៀបចំបរិច្ចាកនូវសម្ភារៈពេទ្យ សម្ភារៈសិក្សា សម្ភារៈកីឡាជូនដល់អាជ្ញាធ័រ មន្ទីរពេទ្យ និងសាលារៀននៅក្នុងតំបន់ជាដើម ។


 


 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ