ការបំផ្ទុះគ្រាប់បែកនៅខាងក្រៅពន្ធនាគារយ៉ាំងហ្គោនប្រទេសភូមា សម្លាប់មនុស្ស៨នាក់ និងរបួស ១៨ នាក់
ភូមា៖ យ៉ាងហោចណាស់មានគ្រាប់បែកពីរគ្រាប់បានផ្ទុះនៅខាងក្រៅពន្ធនាគារ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាឬភូមានៅថ្ងៃពុធទី១៩តុលា ដោយហេតុការណ៍នោះបានសម្លាប់មនុស្ស៨ នាក់ និង ១៨ នាក់ផ្សេងទៀតរងរបួស។របបយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបំផ្ទុះគ្រាប់បែកបានវាយប្រហារហ្វូងមនុស្សតម្រង់ជួរ នៅមុខពន្ធនាគារ Insein កាលពីព្រឹកថ្ងៃពុធ ដោយមិនបានបញ្ជាក់ពីចំនួននៃការផ្ទុះដែលបានកើតឡើងនោះទេ។ របបយោធាបាននិយាយថា “ភេរវករ” គឺជាអ្នកប្រព្រឹត្តិអំពើនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលបានដកស្រង់សម្ដីមន្ត្រីពន្ធនាគារបាននិយាយថាបុគ្គលិកពន្ធនាគារយ៉ាងហោចណាស់បីនាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។ រូបភាពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានថតទីតាំងប្រឡាក់ឈាមនៅលើឥដ្ឋជុំវិញតុបញ្ជរ និងបង្អួចដែលបែកខ្ទេចខ្ទីពីខាងក្រោយ។
តាមសាក្សីម្នាក់បានឲ្យដឹងថា កម្លាំងសន្តិសុខបានបិទបរិវេណតំបន់កើតហេតុទាំងមូលដើម្បីឆែកឆេររកជនសង្ស័យ។ ក្រុមសិទ្ធិមនុស្សនិយាយថា មានអ្នកទោសរាប់រយនាក់ត្រូវបានចាប់ឃុំខ្លួនដោយរបបយោធាក្នុងការបង្ក្រាបលើអ្នកជំទាស់៕