ការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស១៩នាក់នៅមជ្ឈមណ្ឌលអប់រំក្នុងរដ្ឋធានីកាប៊ុលអាហ្វហ្គានីស្ថាន
រដ្ឋធានីកាប៊ុល៖ សិស្សអាហ្វហ្កានីស្ថានកំពុងតែរៀបចំប្រឡងនៅក្នុងមជ្ឈមណ្ឌលអប់រំ ស្ថិតក្នុងទីក្រុងកាប៊ូល ក៏ត្រូវជនអត្ដឃាតវាយប្រហារ ដោយគ្រាប់បែក បានសម្លាប់មនុស្សយ៉ាងតិច ១៩នាក់ និង ២៧នាក់ផ្សេងទៀត រងរបួស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន South China Morning Post នៅថ្ងៃទី៣០ កញ្ញា ២០២២។
លោក ខាលីដ ហ្សាដ្រាន (Khalid Zadran) អ្នកនាំពាក្យ ប៉ូលិសអាហ្វហ្កានីស្ថាន បានបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកអត្ដឃាត កាលពីព្រឹក ថ្ងៃសុក្រ បានសម្លាប់មនុស្សយ៉ាងតិច១៩នាក់ និង ២៧នាក់ផ្សេងទៀត រងរបួស។ ហេតុការណ៍ដ៏ឃោរឃៅនេះ បានកើតឡើង ខណៈសិស្ស កំពុងតែរៀបចំប្រឡង នៅក្នុងមជ្ឈមណ្ឌលអប់រំក្រុងកាប៊ូល។
ការបំផ្ទុះគ្រាប់បែកអត្ដឃាតនេះ បានកើតឡើង នៅក្នុងសង្កាត់ដាសអេបាជី (Dasht-e-Barchi) ជាតំបន់មានអ្នកប្រកាន់សាសនាមូស្លីមនិកាយស៊ីអ៊ីត ភាគច្រើន នៅភាគខាងលិច ទីក្រុងកាប៊ូល។ តំបន់នោះជាកន្លែងរស់នៅរបស់សហគមន៍ជនជាតិភាគតិចហាហ្សារ៉ា (Hazara) ប្រកាន់មូស្លីមនិកាយស៊ីអ៊ីត ហើយក៏ជាកន្លែងកើតមានការវាយប្រហារដ៏សាហាវជាញឹកញាប់បំផុតមួយ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។
ពួកតាលីបង់ បានវិលត្រឡប់មកកាន់អំណាចជាថ្មី នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោយការផ្ដួលរំលំរបបគ្រប់គ្រងរបស់ប្រធានាធិបតី លោក អាស្រាហ្វ ហ្កានី (Ashraf Ghani) គាំទ្រដោយបស្ចិមប្រទេស។ ជ័យជម្នះរបស់តាលីបង់ បានបាននាំមកនូវការបញ្ចប់សង្គ្រាម អូសបន្លាយ អស់រយៈពេល២ទសវត្សរ៍ និង ការថយចុះនូវអំពើហិង្សាយ៉ាងខ្លាំង។ ប៉ុន្តែឥឡូវ បញ្ហាសន្តិសុខ កំពុងតែចាប់ផ្តើម កាន់តែយ៉ាប់យ៉ឺនឡើង នៅក្នុងរយៈប៉ុន្មានខែចុងក្រោយ ដោយសារក្រុមអ៊ិស្លាមនិយមជ្រុល។