ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) បានឲ្យដឹងថា ក្នុងករណី ប្រសិនបើមានការតវ៉ាពីមន្ត្រី ដើម្បីបញ្ជាក់ពីលទ្ធផលតេស្តគ្រឿងញៀនឡើងវិញ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទាក់ទងជាមួយ អ.ជ.ប.គ.ញ. ដើម្បីធ្វើតេស្តបញ្ជាក់ឡើងវិញ។

តាមសេចក្ដីណែនាំរបស់ អ.ជ.ប.គ.ញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានឲ្យដឹងថា កន្លងមក អ.ជ.ប.គ.ញ. បានសង្កេតឃើញថា ការធ្វើតេស្តមួយចំនួនតូច អាចមានលទ្ធផលមិន ប្រក្រតី (False Positive) ដោយអ្នកមិនបានប្រើប្រាស់សារធាតុញៀន ប៉ុន្តែបែរជាធ្វើតេស្តឃើញវិជ្ជមាន។ តាមការ បញ្ជាក់ពីក្រសួងសុខាភិបាល ឥទ្ធិពលថ្នាំពេទ្យស្របច្បាប់មួយចំនួន អាចបង្កជាលទ្ធផលវិជ្ជមាន ពេលធ្វើតេស្តរក សារធាតុញៀនតាមទឹកម៉ូត្រ។

លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា «ក្នុងករណីខាងលើនេះ ប្រសិនបើមានការតវ៉ាពីមន្ត្រីដើម្បីបញ្ជាក់ពីលទ្ធផលតេស្តឡើងវិញ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទាក់ទងជាមួយ អ.ជ.ប.គ.ញ. ដើម្បីធ្វើតេស្តបញ្ជាក់ឡើងវិញ ដោយក្នុងនោះ អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ ត្រូវសហការជាមួយក្រសួងសុខាភិបាលដើម្បីទទួលខុសត្រូវលើការងារនេះ»។


លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បន្ថែមថា ចំណាត់ការចំពោះអ្នកវិជ្ជមានសារធាតុញៀន៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការម៉ឺងម៉ាត់ ក្នុងការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែងចំពោះមន្ត្រីទាំងឡាយណាដែលមានការប្រើប្រាស់គ្រឿងញៀន និងមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ដោយអនុលោមតាមបទបញ្ជាលេខ ០១របស់រាជរដ្ឋាភិបាល។

ចំពោះមន្ត្រីដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយត្រូវបានចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយអនុលោមតាមបទបញ្ជាលេខ ០១របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិសាមី ត្រូវធ្វើការណែនាំ និងលើកទឹកចិត្តពួកគាត់ឱ្យទៅទទួលសេវាព្យាបាល បន្សាប និងស្តារនីតិសម្បទា ទាំងនៅមជ្ឈមណ្ឌលជាតិ និងឯកជន ដើម្បីអាចមានឱកាសធ្វើសមាហរណកម្មត្រឡប់ចូលក្នុងសង្គមវិញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ