កម្លាំងនគរបាលឆ្មក់បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិឥណ្ឌូនេស៊ី ១១នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់
ភ្នំពេញ៖កម្លាំងនគរបាលឆ្មក់បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិឥណ្ឌូនេស៊ីសរុបចំនួន១១នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ។
ប្រតិបត្តិការខាងលើបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះសំណាក់មួយកន្លែង បន្ទប់លេខ៤០៦ និង៤០៥ ជាន់ទី៤ តាមផ្លូវបេតុង ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមនគរបាលបានឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីតំណាងស្ថានទូតឥណ្ឌូនេស៊ី មានជនសង្ស័យមួយក្រុមពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀន បានគេចខ្លួនពីខណ្ឌចំការមន មកសង្ងំលួចលាក់ខ្លួនក្នុងភូមិសាស្ត្រសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ទើបកម្លាំងជំនាញ ។ ទីបំផុតនៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងជំនាញខណ្ឌ កម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល ឡើងទៅបង្ក្រាបចាប់ខ្លួនបានជនសង្ស័យចំនួន១០នាក់ នៅក្នុងបន្ទប់លេខ៤០៦ ដកហូតបានវត្ថុតាង គ្រឿងញៀន ឧបករណ៍ជក់មួយចំនួន និងនៅបន្ទប់លេខ៤០៥ ឃាត់ខ្លួនស្ត្រីជនជាតិឥណ្ឌូនេសុី ម្នាក់ ដែលក្រុមជនសង្ស័យនាំឱ្យសម្រាកនៅក្នុងបន្ទប់នោះ ។
បើតាមម្ចាស់ផ្ទះសំណាក់បានឱ្យដឹងថា គាត់មិនដែលស្គាល់ក្រុមជនសង្ស័យទាំងនោះទេ ទើបតែនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ក្រុមជនបរទេសទាំងនោះ ចំនួន១០នាក់ មកជួលមួយបន្ទប់ស្នាក់នៅ ងឿងឆ្ងល់តែ មនុស្សដល់ទៅ១០នាក់ ជួលតែមួយបន្ទប់ បន្ទាប់មកក្រុមទាំងនោះ បានហៅស្ត្រីម្នាក់ទៀត ដោយជួលបន្ទប់ទល់មុខគ្នា កាន់តែសង្ស័យ តែមិនហ៊ានរាយការណ៍ភ្លាមទេ រហូតដល់ខាងសមត្ថកិច្ចស្រាវជ្រាវសាកសួររឿងជនបរទេសស្នាក់នៅរាយការណ៍ប្រាប់ជាតម្រុយមួយដល់កម្លាំងជំនាញ និងតំណាងស្ថានទូត ស្រាវជ្រាវ រហូតដល់ចាប់ឃាត់ខ្លួនបានចំនួន១១នាក់ ស្រី១នាក់ ដកហូតបានថ្នាំញៀន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។
ជនសង្ស័យទាំង១១នាក់ បន្ទាប់ពីចាប់ឃាត់ខ្លួនបាន នគរបាលនាំទៅកាន់ផ្នែកជំនាញខណ្ឌ រង់ចាំអ្នកបកប្រែដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធី៕