ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាចំនួន ៣នាក់ រងរបួសដោយសារគ្រាប់មីនស្កាត់ផ្លូវ ក្នុងពេលបំពេញបេសកម្ម នៅប្រទេសម៉ាលី។

នាឱកាសអញ្ជើញអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea (Cambodia) នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បើកម្ពុជា គ្មានសន្ដិភាព ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក មិនមកវិនិយោគឡើយ។ សម្ដេច បន្ដថា ប្រទេសអ៊ុយក្រែន តើអ្នកណាទៅសុំវិនិយោគ? ក្រៅពីការរត់ចេញពីអ៊ុយក្រែននោះ។

សម្ដេចតេជោ បន្ដថា កងទ័ពរបស់កម្ពុជា នាពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងប្រទេសចំនួន៤ ខណៈសម្ដេច បន្ដថា នៅប្រទេសលីបង់ អាចចាត់ទុកថា នៅមានការវិនិយោគ ប៉ុន្ដែនៅម៉ាលី អាហ្វ្រិកកណ្តាល ស៊ូដង់ខាងត្បូង ប្រហែលជាមិនមានអ្នកណាទៅប្រថុយប្រថាន ក្នុងការដាក់ទុនវិនិយោគក្នុងក្នុងប្រទេសមានសង្គ្រាមឡើយ។

សម្ដេចតេជោ បញ្ជាក់ថា «កងទ័ពយើងប៉ុន្មានថ្ងៃនេះរបួស ៣នាក់ នៅក្នុងប្រទេសម៉ាលី ដោយសារការដាក់មីនស្កាត់ផ្លូវ ក្នុងពេលកងទ័ពរបស់យើងធ្វើដំណើរ»។

ចំណុចខាងលើនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ថា បើគ្មានសន្ដិភាព មិនអាចអភិវឌ្ឍបានឡើយ ក្រុមហ៊ុន នៃប្រទេសនានា ក៏មិនមានលទ្ធភាព ដើម្បីមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឡើយ។

សូមរំលឹកថា គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង ៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ