បាតុករវាយប្រហារការិយាល័យអភិបាលក្រុង Sweida ភាគខាងត្បូងប្រទេសស៊ីរី ក្រោយសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ
ប្រទេសស៊ីរី៖ហ្វូងមនុស្សខឹងសម្បារដោយសារតែស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់នៅក្នុងប្រទេសស៊ីរីបានសម្រុកចូលការិយាល័យអភិបាលក្រុង។សាក្សីដែលឃើញផ្ទាល់ភ្នែកបាននិយាយថា ក្រុមបាតុករបានដុតអគារ នៅក្នុងទីក្រុងភាគច្រើននៃទីក្រុង Druze ។
ក្នុងនោះបាតុករប្រហែល២០០នាក់ត្រូវបានគេរាយការណ៍ថាបានអំពាវនាវឱ្យមានការទម្លាក់ប្រធានាធិបតី Bashar al-Assad ។
សូមបញ្ជាក់ថា ប្រទេសស៊ីរីស្ថិតក្នុងវិបត្តិនៃការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរប្រការនេះបាននាំឱ្យមានការឡើងថ្លៃទំនិញជាច្រើនដែលនាំឱ្យមានការកើនឡើងនៃកំហឹងចំពោះរបបរបស់លោកប្រធានាធិបតី Assad ក្នុងទីក្រុង Sweida ដែលបានបញ្ចៀសអំពើហិង្សាដ៏អាក្រក់បំផុតនៃសង្រ្គាមស៊ីរី។
ក្នុងការធ្វើបាតុកម្មនេះដែរ អាជ្ញាធរបានឱ្យដឹងថាមានបាតុករម្នាក់ត្រូវបានបាញ់សម្លាប់ នៅពេលដែលកងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារ បន្ទាប់ពីក្រុមបាតុករបានចូលទៅក្នុងអគាររដ្ឋាភិបាល។
លោក Rayan Maarouf សកម្មជនពលរដ្ឋ និងជានិពន្ធនាយកនៃគេហទំព័រ Suwayda 24 ដែលជាគេហទំព័រក្នុងស្រុក បាននិយាយថា "ការិយាល័យរបស់អភិបាលត្រូវបានដុតបំផ្លាញទាំងស្រុងពីខាងក្នុង"។លោកបានប្រាប់រ៉យទ័រថា មនុស្សជាច្រើននាក់បានរងរបួសនៅក្នុងការបាញ់ប្រហារគ្នា ហើយវាមិនច្បាស់ថាការបាញ់ប្រហារនោះមកពីណានោះទេ។
បណ្តាញទូរទស្សន៍ស៊ីរី ដែលមានមូលដ្ឋាននៅប្រទេសទួរគី បានរាយការណ៍ថា បាតុកររាប់រយនាក់បានចេញមុខធ្វើបាតុកម្មប្រឆាំងនឹងស្ថានភាពរស់នៅកាន់តែយ៉ាប់យ៉ឺន ដោយហែកផ្ទាំងផ្សាយរបស់ប្រធានាធិបតីនៅខាងក្នុង និងក្បែរអគារ ខណៈអំពាវនាវឱ្យ "ដួលរលំរបប"នេះ៕