ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ថវិកាប្រមាណ ២៦.៥លានដុល្លារអាមេរិក សម្រាប់សាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ១ទីតាំង និងនៅខេត្តព្រះសីហនុ១ទីតាំងទៀត។

ក្នុងចំណោមថវិកាប្រមាណ ២៦.៥លានដុល្លារខាងលើនោះ គឺបានមកពីថវិការបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៤.៥លានដុល្លារ និងជាហិរញ្ញប្បទានឥណទានដែលបានមកពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន១១លានអឺរ៉ូ ឬស្មើនឹងប្រមាណ ១២លានដុល្លារអាមេរិក។

ក្នុងជំនួបជាមួយលោកស្រី Boucher Sandrine នាយិកាដែលទើបបានតែងតាំងថ្មីរបស់ AFD នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា «ការវិនិយោគលើការបង្កើតសាលាជាតិវិជ្ជាជីវៈទាំង២នេះ ចំណាយថវិកាសរុបប្រមាណ២៦.៥លានដុល្លាអាមេរិក ក្នុងនោះកម្ចីហិរញ្ញប្បទានឥណទានពី AFD មានចំនួន១១លានអឺរ៉ូ (ប្រហែល១២លានដុល្លារ) ហើយក្រៅពីនោះគឺជាថវិកាជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា»។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដែលនៅរាជធានីភ្នំពេញគ្រោងនឹងបើកការដ្ឋានសាងសង់មុនសាលានៅខេត្តព្រះសីហនុ គឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ