ក្រសួងមហាផ្ទៃ បញ្ជាក់អំពីលទ្ធផល និងវិធានការដោះស្រាយពាក់ព័ន្ធ នឹង ការបោះតង់ ......
នាពេលថ្មីៗនេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានមានប្រសាសន៍ឆ្លើយតបជាមួយនឹងអ្នកការសែត ពាក់ព័ន្ធទៅនឹងការបោះតង់របស់ភាគីវៀតណាមនៅតំបន់ស ដោយលោកបានលើកឡើងថា ការបោះតង់របស់ភាគីវៀតណាមចូលមកតំបន់ព្រំដែនកើតឡើងនៅអំឡុងខែមីនា ឆ្នាំ២០២០។ ក្រសួងមហាផ្ទៃបានទទួលព័ត៌មានពីកម្លាំងនគរបាលការពារព្រំដែន យោធាព្រំដែន និងរដ្ឋបាលខេត្ត ករណីភាគីវៀតណាម បានបិទច្រកទ្វារព្រំដែនដោយឯកតោភាគី ព្រមទាំងសង់រោងប្រក់តង់ និងដាក់ពង្រាយកងទ័ព ការពារព្រំដែននៅតាមបណ្តោយ ព្រំដែនគោកកម្ពុជា-វៀតណាម ក្រោមរូបភាពទប់ស្កាត់ការឆ្លងជម្ងឺ កូវីដ១៩ ដោយលើកទង់ជាតិវៀតណាមនិងបដាសរសេរ ជាភាសាវៀត ណាមថា«ប៉ុស្តិ៍ទប់ស្កាត់ជម្ងឺកូវីដ១៩»។
លោក សក់ សេដ្ឋា មានប្រសាសន៍បន្ថែមទៀតថា ពាក់ព័ន្ធនឹងសកម្មភាពបោះតង់របស់ភាគីវៀតណាម ក្រសួងមហាផ្ទៃបានណែនាំដល់អភិបាល ខេត្ត និងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន សហការចុះទៅសម្របសម្រួល និងចរចាជាមួយភាគីវៀតណាម ឲ្យរុះរើតង់ទាំងនោះចេញ។
ជាលទ្ធផល ភាគីវៀតណាមបានយល់ព្រមរុះរើចេញ និងរំកិលតង់មួយ ចំនួនថយក្រោយ។ ទន្ទឹមនេះ ភាគីវៀតណាមនឹងរុះរើតង់ ទាំងនោះ ចោលវិញក្រោយពេលដែលជំងឺកូវីដ១៩ ត្រូវបានកំចាត់ចោលទាំងស្រុងនាពេលខាងមុខ។ ម្យ៉ាងទៀត ក្រសួងមហា ផ្ទៃក៏បានស្នើគណៈកម្មាធិការចំរុះកិច្ចការព្រំដែនដើម្បីពិភាក្សា ចរចាជាមួយភាគីវៀតណាមឱ្យរុះរើតង់ទាំងនោះចេញ និងរក្សាស្ថានភាពដដែលនៅតាមបណ្តោយព្រំដែនដែលពុំទាន់ឯកភាពខណ្ឌសីមានិងបោះបង្គោលរួចតាមរយៈលិខិត លេខ១៥៧៩ សជណ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។ ជាការឆ្លើយតបគណៈកម្មាធិការចំរុះកិច្ចកា រព្រំដែនបានស្នើ មកក្រសួងមហា ផ្ទៃផ្តល់នូវចំនុចនិយាមការនៃទី តាំងបោះតង់របស់ភាគីវៀតណាម។ បច្ចុប្បន្ន ក្រសួងមហាផ្ទៃកំពុង បូកសរុបផ្ទៀងផ្ទាត់ និយាមការទាំងនោះដើម្បីផ្តល់ជូនគណៈកម្មាធិការចំរុះកិច្ចការព្រំដែនចាត់ចែងតាមសមត្ថកិច្ច។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ កន្លងមកផ្អែកតាមលិខិតរបស់រដ្ឋបាលខេត្តកណ្តាល ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ក៏បានធ្វើកំណត់ទូតទៅភាគីវៀតណាម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដើម្បីតវ៉ាអំពីសកម្មភាពបោះត ង់របស់ភាគី វៀតណាម នៅចន្លោះទន្លេមេគង្គ និងទន្លេបាសាក់ ចាប់ពីបង្គោលព្រំដែនលេខ២៤១-២៤៥, និងនៅតាមបណ្តោយ ព្រែកជ្រៃធំ-ព្រែកប៊ិញយី ចាប់ពីចន្លោះ បង្គោលព្រំដែនលេខ២៤៧-២៥៣ និងទាមទារភាគីវៀតណាមឲ្យរុះរើតង់ទាំងនោះចេញ និងស្នើឲ្យរក្សាស្ថានភាពនៅដដែលនៅតាមតំបន់ព្រំដែនទាំងនេះ ស្របតាមស្មារតីនៃប្រកាសព័ត៌មាន រួមរបស់នាយករដ្ឋមន្ត្រីទាំងពីរឆ្នាំ១៩៩៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ចំនួនតង់ដែលភាគីវៀតណាមបានរុះរើចេញវិញចំនួ ន០៨កន្លែង ក្នុងនោះ តង់ដែលបាន បោះនៅ តំបន់ ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌ សីមានិងបោះបង្គោលព្រំដែនសរុបចំនួន៤២តង់។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃក៏មានវិធានការបន្តដូចខាងក្រោមដូចជា ក្រសួងមហាផ្ទៃ ស្នើភាគីវៀតណាមគោរពឱ្យបានម៉ឺងម៉ាត់ ស្រប តាម មាត្រា១០ នៃលក្ខន្តិកៈព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ ១៩៨៣, ចំណុច៨ នៃសេចក្តីប្រកាសព័ត៌មានរួមឆ្នាំ១៩៩៥ និងកថាខណ្ឌ៥ មាត្រា៣ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងរដ្ឋាភិបាលទាំងពីរ ដោយត្រូវរក្សាស្ថាន ភាពដដែលនៅតំបន់ពុំទាន់ឯកភាព ជៀសវាងធ្វើសកម្មភាពឯកតោភាគីណា មួយដែលអាចប៉ះពាល់ កិច្ចការដ៏សំខាន់នេះ រហូតដល់វេលាដែលគណៈកម្មការចំរុះព្រំដែនទាំងពីរឯកភាពខណ្ឌសីមានិង បោះបង្គោលក្នុងតំបន់ នោះរួចរាល់ជាស្ថាពរ។
ទន្ទឹមនេះ ក្នុងដំណាក់កាលដ៏ស្មុគស្មាញដែលសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពដ៏ចាំបាច់សម្រាប់ប្រទេសទាំងពីរ, ស្នើរដ្ឋបាលខេត្តនិងកម្លាំងមានសមត្ថកិច្ចកម្ពុជាបន្តកិច្ចសហការជាមួយភាគីវៀតណាមក្នុងការរាំងខ្ទប់សកម្មភាពចេញ-ចូលខុសច្បាប់នៅតាមបណ្តោយព្រំដែន សំដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ ១៩ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានស្នើរដ្ឋបាលខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធជាប់ព្រំដែនកម្ពុជា-វៀតណាមបន្តតាមដាន សកម្មភាពរបស់ភាគីវៀតណាមឱ្យបានខ្ជាប់ខ្ជួន។ ក្នុងករណីភាគីវៀតណាមធ្វើសកម្មភាពមិនប្រក្រតី, ត្រូវហាមឃាត់ជាបន្ទាន់ និងធ្វើសេចក្តីរាយការណ៍មកក្រសួង-ស្ថាប័នពាក់ព័ន្ធដោះស្រាយតាមនីតិវិធីច្បាប់។ រដ្ឋបាល ខេត្តត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពនូវយន្តការដែលមានស្រាប់ក្នុងក្របខ័ណ្ឌច្បាប់អនុញ្ញាតដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោះស្រាយបញ្ហាអសកម្មទាំងឡាយប្រកបដោយស្មារតី មិត្តភាពនិងភាពជាអ្នកជិតខាងល្អ៕