ក្រសួងការពារជាតិកោះតៃវ៉ាន់ថា សមយុទ្ធយោធារបស់ចិនធ្វើឡើងដោយខ្វះការពិចារណានិង កំពុងបំពានទៅនឹងក្រិត្យក្រមច្បាប់អន្តរជាតិ
តៃវ៉ាន់៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានធើ្វការិះគន់វាយប្រហារខ្លាំងៗទៅលើការធើ្វសមយុទ្ធយោធាបាញ់គ្រាប់ពិតរបស់ចិននៅក្នុងដែនទឹករបស់ខ្លួន ដែលគេដឹងថាធើ្វឡើងដើម្បីជាការឆ្លើយតប ដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភាអាម៉េរិក Nancy Pelosi កាលពីយប់ថ្ងៃអង្គារកន្លងទៅ។
អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់លោក Sun Li-fang បាននិយាយថា សកម្មភាពសមយុទ្ធយោធាដោយខ្វះការពិចារណារបស់ចិនពេលនេះ គឺកំពុងបំពានទៅនឹងក្រិត្យក្រមច្បាប់អន្តរជាតិជាសកល និងបង្កជាបញ្ហាអសន្ដិភាពធ្ងន់ធ្ងរនៅក្នុងតំបន់ ហើយថែមទាំងគំរាមកំហែងយ៉ាងខ្លាំងទៅដល់ការធើ្វចរាចរណ៍របស់កប៉ាល់និងយន្តហោះដឹកអ្នកដំណើរមកកាន់កោះតៃវ៉ាន់។
លោកក៏បន្ដឱ្យដឹងទៀតថា ប្រទេសចិនកំពុងព្យាយាមធើ្វការផ្សព្វផ្សាយព័ត៌មានប្រឌិតយ៉ាងច្រើននៅលើបណ្ដាញសង្គមអ៊ីនធឺណេតដើម្បីឱ្យពលរដ្ឋតៃវ៉ាន់មានការភ័ន្តច្រឡំ។ ពាក់ព័ន្ធនឹងរឿងនេះដែរ លោកបានធើ្វការណែនាំទៅកាន់ពលរដ្ឋដោយមិនត្រូវជឿលើប្រភពព័ត៌មានទាំងនោះឡើយ៕SP