សេអ៊ូល៖ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រនៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែតុលា) ក្នុងទិសដៅរបស់ប្រទេសជប៉ុន បន្ទាប់ពីមានការវិលត្រឡប់នៃនាវាផ្ទុកយន្តហោះអាមេរិកទៅកាន់តំបន់ និងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNA នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

ការបាញ់មីស៊ីលនេះគឺជាលើកទីប្រាំមួយក្នុងរយៈពេល១២ថ្ងៃ និងជាលើកដំបូងចាប់តាំងពីកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយមធ្យម (IRBM) លើប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ដែលជំរុញឱ្យមានការហ្វឹកហាត់ធ្វើសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។ការបាញ់បង្ហោះនេះត្រូវបានរាយការណ៍ដោយអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង និងរដ្ឋាភិបាលជប៉ុន។

ជាការឆ្លើយតបនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា "នេះគឺជាលើកទីប្រាំមួយក្នុងរយៈពេលដ៏ខ្លី ដោយគ្រាន់តែរាប់ពីចុងខែកញ្ញា"។ "ការបាញ់នេះពិតជាមិនអាចអត់ឱនបាន។"

ការបាញ់បង្ហោះនេះបានធ្វើឡើងប្រហែលមួយម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការនិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពី "វិធានការឆ្លើយតបរបស់កងទ័ពប្រជាជនកូរ៉េរបស់ទីក្រុងព្យុងយ៉ាងចំពោះសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង-អាមេរិក" ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេស ប្រទេសកូរ៉េខាងជើងបានថ្កោលទោសទីក្រុងវ៉ាស៊ីនតោនចំពោះការដាក់ទីតាំងឡើងវិញនូវនាវាផ្ទុកយន្តហោះអាមេរិក ដោយនិយាយថាវាបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃស្ថានការណ៍។

សូមបញ្ជាក់ថា នាវា USS Ronald Reagan និងនាវាចម្បាំងបាន ដាក់ពង្រាយឡើងវិញភ្លាមៗជាការឆ្លើយតបទៅនឹងការបាញ់បង្ហោះ IRBM របស់កូរ៉េខាងជើងលើប្រទេសជប៉ុន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ