ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានត្រៀមចេញដំណើរពីប្រទេសឥណ្ឌូនេស៊ី ត្រឡប់មកប្រទេសកម្ពុជា ក្រោយពីឃើញវិជ្ជមានកូវីដ១៩ នៅឥណ្ឌូនេស៊ី។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា «ខ្ញុំកំពុងត្រៀមចេញពីឥណ្ឌូនេស៊ីត្រឡប់ ទៅកម្ពុជាវិញ បន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេសដែលយើងត្រូវហោះហើរឆ្លងកាត់»។

សម្ដេចតេជោ ក៏បានអរគុណមិត្តឥណ្ឌូនេស៊ីដែលបានយកចិត្តទុកដាក់ទទួលប្រតិភូរបស់កម្ពុជា និងសូមអធ្យាស្រ័យដែល សម្ដេច មិនអាចចូលប្រជុំG20បាន។

សម្ដេចតេជោ ក៏សូមអរគុណបងប្អូនជនរួមជាតិដែលព្រួយបារម្មណ៍ពីសុខភាពរបស់ខ្ញុំ។ សម្ដេច ថា ការហោះរយៈពេល ៣ម៉ោង៣០នាទីដែល សម្ដេច នឹងទៅដល់កម្ពុជាក្បាលព្រលប់ល្ងាចនេះ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តាមរយៈ Facebook ផ្លូវការបានបញ្ជាក់ពីការតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី។ សម្តេចតេជោ បញ្ជាក់ថា បើទោះជាពេទ្យឥណ្ឌូនេស៉ី បញ្ជាក់ថាសម្តេចវិជ្ជមានកូវីដ១៩ ក្តីក៏អាការៈសម្តេចមិនមានអ្វីចម្លែកឡើយ។ ដើម្បីសុវត្ថិភាពប្រតិភូ សម្តេចបានសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់មកកម្ពុជាវិញទាំងអស់ ហើយសម្រាប់ឯតំណាងប្រទេសអាស៊ាន កំពុងចរចាប្រគល់ជូនឥណ្ឌូនេស៉ីជាតំណាងតែម្តង៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ