មន្ដ្រីក្រសួងសុខាភិបាល ប្រាប់កុំឲ្យពលរដ្ឋបារម្ភរឿងចាក់វ៉ាក់សាំងកូវីដ១៩ច្រើនដូស នាំឲ្យប៉ះពាល់សុខភាព ព្រោះ វ៉ាក់សាំងជួយឲ្យប្រព័ន្ធការពាររបស់បុគ្គលកាន់តែខ្លាំង
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាព នៅពេលចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ច្រើនដូសជាបន្ដបន្ទាប់ ព្រោះវ៉ាក់សាំងដែលកម្ពុជាប្រើប្រាស់នេះ គឺសុទ្ធតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។
ក្នុងឱកាសចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តកោះកុង ដែលអមដំណើរដោយលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ការចាក់វ៉ាក់សាំងនេះ គឺមានពេលវេលាច្បាស់លាស់ មិនមែនចេះតែនឹកឃើញចាក់នោះទេ ដូច្នេះការចាក់ដូសជំរុញនេះមិនមានប៉ះពាល់ណាមួយដល់សុខភាពរបស់ប្រជាពលរដ្ឋ ដូចការលើកឡើងមួយចំនួននោះឡើយ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនថា ការចាក់វ៉ាក់សាំងកូវីដ១៩នេះ មិនមែនចាក់ទៅធ្វើឲ្យប៉ះពាល់សុខភាពនោះទេ គឺចាក់ទៅដើម្បីការពារបងប្អូនពីការវាយលុកធ្ងន់ធ្ងរពីវីរុសកូវីដ១៩ ហើយវ៉ាក់សាំងនេះ គឺជាវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ព្រោះដែលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា គឺជាវ៉ាក់សាំងដែលស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គភាពសុខភាពពិភពលោក»៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត